លោក បៃដិន បានបញ្ជាឱ្យមានការដាក់កម្រិតលើការវិនិយោគរបស់អាមេរិក ចូលទៅក្នុងវិស័យបច្ចេកវិទ្យាខ្ពស់របស់ចិន
- BY
- autoadmin
- August 10, 2023
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីគ្រប់គ្រងការវិនិយោគរបស់អាមេរិកនៅក្នុងប្រទេសចិន លើវិស័យបច្ចេកវិទ្យាខ្ពស់ៗចំនួន៣ ដែលរួមមាន៖ បន្ទះឈីប (semiconductors) និងបញ្ញាសិប្បនិម្មិត AI ជាដើម។ ក្រសួងរតនាគារសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធថា លោក បៃដិន បានអនុញ្ញាតឱ្យរដ្ឋលេខាធិការរតនាគារត្រូវត្រួតពិនិត្យការវិនិយោគមួយចំនួនចូលទៅក្នុង «ប្រទេសដែលជាការព្រួយបារម្ភសម្រាប់អាមេរិក»។ នាយកដ្ឋាននេះបាននិយាយថា វិស័យទាំង៣ គឺមានដូចជា៖ បន្ទះឈីប semiconductors និង មីក្រូអេឡិចត្រូនិច microelectronics, បច្ចេកវិទ្យាព័ត៌មាន Quantum និង AI។

កម្មវិធីនេះនឹងបំពេញបន្ថែមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកដែលមានស្រាប់ លើការនាំចេញឧបករណ៍អេឡិចត្រូនិកកម្រិតខ្ពស់ និងវត្ថុផ្សេងៗទៀតទៅកាន់ប្រទេសចិន។ វានឹងហាមឃាត់ការវិនិយោគមួយចំនួនទាក់ទងនឹងបច្ចេកវិទ្យា និងផលិតផលដែលអាមេរិកយល់ថា បង្កហានិភ័យសន្តិសុខជាតិធ្ងន់ធ្ងរ ហើយនឹងតម្រូវឱ្យមានការជូនដំណឹងសម្រាប់ការវិនិយោគផ្សេងទៀត។ រដ្ឋបាលលោក ចូ បៃដិន បានសង្កត់ធ្ងន់ថា ខ្លួននឹងរឹតបន្តឹងលើការនាំចេញទៅចិននូវបច្ចេកវិទ្យាទំនើបមួយចំនួន ដែលអាចបង្វែរទិសដៅសម្រាប់ការប្រើប្រាស់យោធា ខណៈបន្តសកម្មភាពសេដ្ឋកិច្ចនៅក្នុងតំបន់ផ្សេងទៀត។
ចាប់ពីថ្ងៃទី០១ ខែសីហា ប្រទេសចិនបានដាក់កំហិតលើការនាំចេញលើវត្ថុដែលទាក់ទងនឹងហ្គាលីញ៉ូម និងហ្គេម៉ាញ៉ូម ដែលជាលោហធាតុដ៏កម្រ ប្រើនៅក្នុងវត្ថុធាតុដើមសម្រាប់ឧបករណ៍អេឡិចត្រូនិក។ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Janet Yellen បានទៅបំពេញទស្សនកិច្ចនៅប្រទេសចិនកាលពីខែមុន ហើយបានបញ្ជាក់ថា ប្រទេសទាំង ២ នឹងបន្តការសន្ទនាគ្នាបន្ថែម។ ប៉ុន្តែចិនត្រូវបានគេរំពឹងថា នឹងមានប្រតិកម្មខ្លាំងចំពោះចំណាត់ការរបស់អាមេរិកដែលទើបបានប្រកាសនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ NBC
- Share This Post:






