ប្រទេសចិននឹងតម្រូវឱ្យកម្មវិធីទូរស័ព្ទទាំងអស់ ត្រូវចែករំលែកព័ត៌មានលម្អិតអំពីអាជីវកម្មទៅរដ្ឋាភិបាល
- BY
- autoadmin
- August 10, 2023
ប្រទេសចិននឹងតម្រូវឱ្យអ្នកផ្គត់ផ្គង់កម្មវិធីទូរស័ព្ទទាំងអស់នៅក្នុងប្រទេសនេះ ត្រូវដាក់ព័ត៌មានលម្អិតអំពីអាជីវកម្មរបស់ពួកគេជាមួយរដ្ឋាភិបាល ដែលនេះគឺជាកិច្ចខិតខំប្រឹងប្រែងថ្មីចុងក្រោយបំផុតរបស់ទីក្រុងប៉េកាំង ក្នុងការរក្សាឧស្សាហកម្មនេះឱ្យស្ថិតនៅក្រោមការគ្រប់គ្រង។ ក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មានចិន (MIIT) បាននិយាយថា អ្នកបង្កើតកម្មវិធីដែលមិនមានឯកសារត្រឹមត្រូវនឹងត្រូវពិន័យ បន្ទាប់ពីរយៈពេលអនុគ្រោះនឹងផុតកំណត់នៅខែមីនាឆ្នាំក្រោយ។ អ្នកជំនាញនិយាយថា ការផ្លាស់ប្តូរនេះនឹងអាចដាក់កម្រិតលើចំនួនកម្មវិធីដែលមានស្រាប់ ហើយក៏ប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍តូចៗយ៉ាងធ្ងន់ធ្ងរ។

លោក You Yunting មេធាវីនៃការិយាល័យច្បាប់ DeBund ដែលមានមូលដ្ឋាននៅទីក្រុងសៀងហៃ បាននិយាយថា បទបញ្ជានេះទាមទារឱ្យមានការយល់ព្រមពីក្រសួងប្រកបដោយប្រសិទ្ធភាព។ លោកបាននិយាយថា ច្បាប់ថ្មីនេះមានគោលបំណងជាចម្បងក្នុងការប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំតាមអ៊ីនធឺណិត ប៉ុន្តែវានឹងមានផលប៉ះពាល់ដល់កម្មវិធីទូរស័ព្ទទាំងអស់នៅក្នុងប្រទេសចិន។
លោក Rich Bishop ដែលជាសហស្ថាបនិកនៃក្រុមហ៊ុនបោះពុម្ពកម្មវិធី AppInChina បាននិយាយថា ច្បាប់ថ្មីនេះក៏ទំនងជាប៉ះពាល់ដល់អ្នកអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅបរទេស ដែលធ្លាប់តែអាចបង្ហោះកម្មវិធីរបស់ពួកគេបានយ៉ាងងាយស្រួលតាមរយៈ Apple App Store ដោយមិនបង្ហាញឯកសារណាមួយដល់រដ្ឋាភិបាលចិន។ លោក Bishop បាននិយាយថា ដើម្បីអនុលោមតាមច្បាប់ថ្មី អ្នកបង្កើតកម្មវិធីឥឡូវនេះត្រូវតែមានក្រុមហ៊ុននៅក្នុងប្រទេសចិន ឬធ្វើការជាមួយអ្នកបោះពុម្ពផ្សាយក្នុងស្រុក។ យ៉ាងណាក៏ដោយ Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយទេ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
- Share This Post:






