មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកដល់វៀតណាមហើយ ជាមួយនឹងការទទួលស្វាគមន៍ដោយកម្រាលព្រំក្រហម
មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានមកដល់ប្រទេសវៀតណាមដោយសុវត្ថិភាពហើយ មុនពេលកិច្ចប្រជុំកំពូលរយៈពេល ២ថ្ងៃ រវាងលោកជាមួយនឹងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នៅរដ្ឋធានីហាណូយ របស់វៀតណាម ៨ខែ បន្ទាប់ពីកិច្ចប្រជុំលើក ទី១ នៅក្នុងប្រទេសសឹង្ហបុរីដែលមិនបានទទួលលទ្ធផល។
កិច្ចប្រជុំកំពូលលើក ទី២ នេះត្រូវបានគេរំពឹងថា នឹងកសាងលើកិច្ចព្រមព្រៀងរបស់ខ្លួនដើម្បី «ឆ្ពោះទៅរកការបញ្ចប់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ»។ ក្រុមអ្នករិះគន់និយាយថា កិច្ចប្រជុំជាលើកដំបូងរវាងមេដឹកនាំកូរ៉េខាងជើង និងប្រធានាធិបតីអាមេរិក ខាងអាមេរិកមិនអាចធ្វើឱ្យកូរ៉េខាងជើងបោះបង់សកម្មភាពអាវុធនុយក្លេអ៊ែររបស់ខ្លួននោះទេ។
បន្ទាប់ពីការធ្វើដំណើររយៈពេល ២ថ្ងៃកន្លះ លើផ្ទៃដី ២,៨០០ម៉ាយ លោក គីម បានមកដល់វៀតណាម ក្នុងថ្ងៃអង្គារ ជាមួយនឹងការស្វាគមន៍ដោយព្រំពណ៌ក្រហម នៅម៉ោង ៨ និង ១៥នាទីព្រឹក (ម៉ោងក្នុងស្រុក) នៅស្ថានីយ៍រថភ្លើង Dong Dang៕


អត្ថបទ៖ លីដា
ប្រភព៖ cnn