អន្តរជាតិ

ប៉ូលីស​ជប៉ុនគ្រោងនឹង​ស៊ើបអង្កេតជនសង្ស័យ ​២​នាក់ ដែលជាសមាជិកនៃក្រុម​ឆបោក មានមូលដ្ឋាន​នៅ​កម្ពុជា

BY
autoadmin
August 14, 2023

យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា ប៉ូលីស​ជប៉ុន​គ្រោង​នឹង​ធ្វើការស៊ើបអង្កេត​លើជនជាតិជប៉ុនចំនួន​ ២​នាក់​ ដែលជាសមាជិកនៃក្រុមបោកប្រាស់ដែលដាក់​មូលដ្ឋាន​នៅ​កម្ពុជា​ បន្ទាប់​ពី​នាំ​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​ជប៉ុន​វិញ។ ប្រភព​ភាគីជប៉ុន​បាននិយាយ​ថា ក្រុម​អ្នក​ស៊ើប​អង្កេត​កម្ពុជា​បាន​ឃុំ​ខ្លួន​ជនជាតិ​ជប៉ុនចំនួន ៧នាក់ ​បន្ទាប់​ពី​មាន​ការ​ផ្តល់​ព័ត៌មានកាលពីអំឡុង​ខែ​ឧសភា។ ក្រុមស៊ើបអង្កេតបានដឹងថា ក្រុមនេះបានប្រើប្រាស់សណ្ឋាគារមួយនៅភាគខាងជើងប្រទេសកម្ពុជា ជាមូលដ្ឋានរបស់ខ្លួនដើម្បីធ្វើការបោកប្រាស់តាមអ៊ីនធឺណិត។


ប្រភព​បានឱ្យដឹង​ថា ប៉ូលីស​ជប៉ុន​ត្រូវ​បាន​ស្ថានទូត​ជប៉ុន​ប្រចាំ​រាជធានី​ភ្នំពេញ​ជូន​ដំណឹង​ពី​ក្រុម​នេះ ហើយបន្ទាប់មក ពួកគេ​ក៏អាច​ឆែកឆេរ​ទូរស័ព្ទដៃ និង​កុំព្យូទ័រ​ពី​បន្ទប់​សណ្ឋាគារ ហើយ​រកឃើញ​ទិន្នន័យ​ជនរងគ្រោះ​។ ប្រភពបាន​បន្ត​ថា ជន​រង​គ្រោះ​ត្រូវ​បាន​គេ​បោក​យក​ប្រាក់​ បន្ទាប់​ពី​ប្រាប់​ពី​គម្រោង​វិនិយោគ​ក្លែងក្លាយ។ កាល​ពី​ខែ​មេសា អាជ្ញាធរ​កម្ពុជាក៏​បាន​បង្ក្រាប​ជនជាតិ​ជប៉ុនចំនួន ១៩​នាក់ ដែល​មាន​មូលដ្ឋាន​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​កម្ពុជា ហើយក្រុម​នោះ​ត្រូវ​បាន​គេដាក់ការ​សង្ស័យ​ពី​បទ​ឆបោក​តាម​ទូរស័ព្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: