ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ប្រាប់មន្ដ្រីក្រោមឱវាទ ត្រូវបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ពេលសម្តេចចាកចេញទៅកាន់ការងារផ្សេងទៀត

BY
Khmernote Media
August 14, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានថ្លែង ប្រាប់​មន្ដ្រី​ក្រោមឱវាទក្រសួងមហាផ្ទៃទាំងអស់ នៅតែបន្ដបំពេញតួនាទីរបស់ខ្លួនជាធម្មតា ដើម្បី​រួប​​រួម​គ្នាបម្រើដល់ប្រទេសជាតិ ឱ្យមានការចម្រើនបន្ថែមទៀតនៅពេលសម្ដេច លាចេញ​ពី​តំណែងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។

ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់វិទ្យាសាស្រ្ត​នគរបាល ជូនដល់និស្សិតជ័យលាភី ចំនួន ៥៦៩នាក់ នៅបណ្ឌិត្យសភានគរបាលកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា មន្ដ្រីមានឋានៈជាអគ្គនាយកដ្ឋាននានាចំណុះក្រសួងមហាផ្ទៃ គឺបន្ដការងារជាធម្មតា ហើយ​រឹតតែខិតខំបំពេញការងារបន្ថែមទៀត។ សម្ដេចក្រឡហោមបានថ្លែងថា ក្រៅពីនោះ មន្ដ្រី​នយោបាយ មានឋានៈរដ្ឋលេខាធិការ អនុរដ្ឋលេធិការ ក៏ត្រូវបន្ដទទួលនូវភារកិច្ច ដែល​ក្រសួងប្រគល់ជូន ព្រោះមានការងារត្រូវធ្វើជាច្រើនទៀត។

សម្ដេចក្រឡាហោមបានគូសបញ្ជាក់បន្ថែមថា៖ «សម្រាប់ក្រសួងមហាផ្ទៃ គឺមានតែ​ខ្ញុំទេ ដែលចេញពីក្រសួង ដើម្បីទៅបំពេញបេសកកម្មផ្សេងទៀត។ ក្រៅពីនោះអាចថា មន្ដ្រី​ផ្ទេរពីកន្លែងនេះ ពីកន្លែងនោះ វាជារឿងធម្មតាទេ។ ប៉ុន្ដែអ្នកភាគច្រើន ឬក៏ទាំងអស់ ក្រៅ​ពី​អ្នកដែលចេញ ហើយចេញតាមរយៈបញ្ចប់អាណត្តិ ដូចខ្ញុំ ជាដើម ឬក៏អ្នកផ្ទេរ​ចេញ​ទៅកន្លែងផ្សេង អាហ្នឹងគឺគាត់ចេញ។ ប៉ុន្ដែអ្នកក្រៅពីនឹង គឺបន្ដទៀត ក្នុងក្របខណ្ឌ​ក្រសួង​នេះ។ អីចឹងទេ ខ្ញុំសង្ឃឹមជឿជាក់ថា អគ្គនាយកចុះ ដែលជាស្ថាប័នមុខសាធារណៈ នឹងប​ន្ដ​ធ្វើការងាររបស់ខ្លួន»។

ជាមួយគ្នានេះ សម្ដេចក្រឡាហោម ស ខេង បានសម្តែងក្តីសង្ឃឹមថា មន្ដ្រី​ក្រសួង​មហាផ្ទៃ នឹងបន្ដបំពេញការងាររបស់ខ្លួនបន្ថែមទៀត ដើម្បីឱ្យក្រសួងមហាផ្ទៃ មានការរីក​ចម្រើនបន្ដទៀត ដើម្បីបម្រើដល់ប្រទេសជាតិ និងប្រជាជនកម្ពុជា ពិសេស ក្នុងវិស័យដែល​ក្រសួងទទួលខុសត្រូវ។ សម្ដេចក្រឡាហោមបានលើកឡើងថា នៅប៉ុន្មានថ្ងៃទៀត រដ្ឋសភា នីតិកាល​ទី៧ នឹងបើកសម័យប្រជុំលើកដំបូងរបស់ខ្លួន ក្រោមព្រះរាជអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​បំផុត របស់ព្រះកុរណា ព្រះមហាក្សត្រ។

បន្ទាប់ពីនោះ នៅថ្ងៃទី២២ ខែសីហា រាជរដ្ឋាភិ​បាល​ថ្មី នឹងត្រូវបានបង្កើតឡើងតាមរយៈការបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្តពីរដ្ឋសភា។ ដូច្នេះ​​ចាប់ពីថ្ងៃរសៀលថ្ងៃទី២២ ខែសីហា តទៅ ក្រោយស្បថចូលកាន់តំណែង​រាជរដ្ឋា​ភិបាលថ្មីរួច រាជរដ្ឋាភិបាលថ្មី នឹងបន្ដការងារពីរាជរដ្ឋាភិបាលចាស់៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: