ជំពាក់បំណុលគេគ្មានលុយសង យកម៉ូតូម្ដាយទៅបញ្ចាំ ហើយប្រឌិតរឿងយកដុំថ្មវា.យក្បាលខ្លួនឯង រួចទៅប្ដឹងសមត្ថកិច្ចថា ជាករណីស្ទាក់វា.យប្ល.ន់យកម៉ូតូ
- August 15, 2023
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ កម្លាំងជំនាញស្នងការដ្ឋាននិងអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បានធ្វើការស្រាវជ្រាវបកស្រាយបំភ្លឺករណី «អំពើបង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។

ហេតុការណ៍បានកើតឡើងនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖៣០នាទីទៀបភ្លឺ នៅត្រង់ចំណុចតាមបណ្តាយផ្លូវកៅស៊ូ ៧០B ស្ថិតនៅភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
ជនរងគ្រោះ ៖ គ្មាន
ជនសង្ស័យ ៖ ០១នាក់ ឈ្មោះ រស់ វឌ្ឍនា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរ ពេទ្យសត្វ
ស្នាក់នៅបច្ចុប្បន្ន ក្នុងបុរីទួលសង្កែ ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
សម្ភារបាត់បង់៖គ្មាន។
សភាពរឿងហេតុ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៧៖៣០នាទី ជនសង្ស័យបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ថាមានករណី អំពើលួចមានស្ថានទម្ងន់ទោស (ភ្ជង់កាំភ្លើងខ្លីវាយក្បាលហ្នឹងដុំថ្ម) យកម៉ូតូរបស់ខ្លួនម៉ាក Honda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1JM-8242 នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ០៣៖៣០នាទីទាបភ្លឺ ចំណុចតាមបណ្តាយផ្លូវកៅស៊ូ៧០ B ភូមិអរិយក្សត្រ សង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅពេលខ្លួនធ្វើដំណើរត្រឡប់មកពីរាជធានីភ្នំពេញវិញ។
ក្រោយពីទទួលបានពាក្យបណ្តឹងរបស់ជនសង្ស័យ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត សហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌក្រុង និងកម្លាំងប៉ុស្តិ៍៍នគរបាលរដ្ឋបាលអរិយក្សត្រធ្វើការសាកសួរបំភ្លឺជនសង្ស័យ និងឆែកតាមកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវ បានបង្ហាញអោយឃើញពីសកម្មភាពមិនប្រក្រតីដែលជនសង្ស័យបានបំភ្លឺ បែរជាឃើញជនសង្ស័យដើរម្នាក់ឯងចុចទូរស័ព្ទខុសពីផ្លូវកន្លែងដែលកើតហេតុ ទើបសមត្ថកិច្ចបានហៅជនសង្ស័យមកសារសួរជាលើកទី២។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានសារភាពថា នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង១៨៖០០នាទីល្ងាច ខ្លួនបានខ្ចីម៉ូតូម្តាយឈ្មោះ អ៊ុ សុខនៅ ម៉ាកHonda Scoopy ពណ៌ស លាយផ្កាឈូក ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ 1JM-8242 ទៅធ្វើការដឹកតែគុជនៅហាងមិត្តភក្កិ ឈ្មោះ សីហា នៅម្តុំវត្តបទុម រាជធានីភ្នំពេញ និយាយរួចជនសង្ស័យបានជិះម៉ូតូម្នាក់ឯងចេញពីផ្ទះទៅឆ្លងតាមកំពង់ចម្លងអរិយក្សត្រ ឆ្ពោះទៅផ្សារឃ្លាំងរំសេវ រាជធានីភ្នំពេញ ដើម្បីបញ្ចាំម៉ូតូនៅហាងមួយមិនចាំយីហោ បានប្រាក់ចំនួន ១៥០០ដុល្លារ ដោយទទួលប្រាក់ពីអ្នកទទួលបញ្ចាំតាមរយៈ ABA ហើយខ្លួនក៏បានផ្ទេរប្រាក់នោះ ចំនួន១៤៩០ដុល្លាតាមABAសងបន្តទៅអោយឈ្មោះ Y VANNAK ។
បន្តិចក្រោយមកក៏បានហៅ ផាស់អាប់ជិះទៅហាងលក់តែគុជ របស់មិត្តភ័ក្តនៅម្តុំវត្តបទុម អង្គុយលេងដល់វេលាម៉ោង ៣៖០០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ ជនសង្ស័យ បានពឹងអោយអ្នកស្គាល់គ្នាដឹកមកកំពង់ចម្លងអរិយក្សត្រហើយឆ្លងទូកដរមកដល់ខាងភូមិអរិយក្សត្រ បានឡើងជិះផាស់អាប់ដើម្បីទៅផ្ទះ ពេលជិះដល់ចំណុចហាងលក់មីហឹរ ក៏ឈប់ចុះដើរ ចុចទូរស័ព្ទសំដៅទៅផ្ទះ ពេលដើរដល់ផ្លូវចូលបុរីទួលសង្កែ ជនសង្ស័យក៏រើសយកដុំថ្មទំហំប៉ុនបាតដៃមកវាយក្បាលខ្លួនឯងពីក្រោយចំនួន០២ដង បណ្តាលអោយបែកក្បាលឈាម ដើម្បីប្រឌិតរឿង កុហកម្តាយ។ បន្ទាប់មកជនសង្ស័យបានយកទូរស័ព្ទមកថតពីខាងក្រោយក្បាលខ្លួន ផ្ញើតាមឆាតទៅប្រពន្ធដោយនិយាយកុហកថា ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូបាត់ហើយ រួចជនសង្ស័យក៏បន្តដំណើរដើរទៅដល់ផ្ទះហើយបានស្រែកហៅម្តាយឲ្យបើកទ្វារ ពេលម្តាយចេញបើកទ្វារឃើញសភាពកូនមានឈាមក្បាលក៏សួរ ជនសង្ស័យបានប្រឌិតរឿងប្រាប់ទៅម្តាយថា ចោរបានស្ទាក់វាយភ្ជង់ប្លន់យកម៉ូតូ និយាយចប់ម្តាយបានដឹកជនសង្ស័យទៅមន្ទីរពេទ្យដើម្បីព្យាបាលរបួស។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ បន្តចាត់ការតាមនីតិវិធី ៕


ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល – Police Commissariat Of Kandal Province
- Share This Post:






