អន្តរជាតិ

ចំនួនអ្នកបាត់បង់ជីវិតដោយសារភ្លើងឆេះព្រៃ Maui របស់សហរដ្ឋអាមេរិក បានកើនឡើងដល់ជាង ១០០ នាក់ហើយ

BY
autoadmin
August 17, 2023

អភិបាលរដ្ឋហាវ៉ៃ លោក Josh Green នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធ បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ Maui បានកើនឡើងដល់ ១១០ នាក់ហើយ។ លោក Green បាននិយាយថា ក្រុមស្វែងរករហូតមកដល់ពេលនេះបានរុករក ៣៨% នៃតំបន់ដែលរងផលប៉ះពាល់។ លោកបាននិយាយថា អាជ្ញាធរបានបន្ថែមមនុស្ស និងឆ្កែស្វែងរកបន្ថែមទៀត ទៅក្នុងកិច្ចខិតខំប្រឹងប្រែងនេះ ហើយបានចុះឈ្មោះអ្នកជំនាញបន្ថែម ដើម្បីជួយវាយតម្លៃ DNA ក្នុងគោលបំណងដើម្បីកំណត់អត្តសញ្ញាណអ្នកស្លាប់។

លោក Green បាននិយាយថា កាលពីថ្ងៃពុធគាត់បានទទួលសារពីប្រធានាធិបតី ចូ បៃដិន ដោយសន្យាថា នឹងផ្តល់ជំនួយបន្ថែមរាប់រយលានដុល្លារពីរដ្ឋាភិបាលសហព័ន្ធ សម្រាប់កិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ ដែលគាត់បាននិយាយថា នឹងមានរយៈពេលយូរ និងចំណាយច្រើន។ លោក​បាន​បន្ត​ថា ប្រជាជន​ប្រហែល ២ ពាន់​នាក់​នៅ​តែ​គ្មាន​អគ្គីសនីប្រើប្រាស់ ហើយ​បាន​សន្យា​ផ្តល់​ជំនួយ​ដូច​គ្នា​ដែលដូចនឹងការ​ផ្តល់​ជូន​អ្នក​ស្រុក​ដែល​បាន​បាត់បង់​ផ្ទះ​សម្បែង។ លោក Green ក៏បាននិយាយផងដែរថា បន្ទប់សណ្ឋាគារជាច្រើនត្រូវបានផ្តល់ជូនសម្រាប់ប្រជាជនដែលរងផលប៉ះពាល់ ហើយបានបន្ថែមថា រដ្ឋាភិបាលរបស់គាត់ឥឡូវនេះ កំពុងរៀបចំផែនការសម្រាប់កិច្ចខិតខំប្រឹងប្រែងសាងសង់ឡើងវិញរយៈពេលវែង៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: