កម្លាំងជំនាញ បញ្ជូនអ្នកបើកកង់បីដែលជិះបញ្ច្រាស ហើយមានបំណងបង្កហិង្សាប្រើដែកទីប ចង់វា.យទៅលើម្ចាស់រថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ
- August 17, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌ បានរៀបចំសំណុំរឿងបញ្ជូនអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ពីបទប៉ុនប៉ងហិង្សា និងបើកបរល្មើសច្បាប់ចរាចរណ៍។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣កន្លងទៅនេះ បន្ទាប់ពីបានឃើញវីដេអូ នៅលើបណ្តាញសង្គម ករណីអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិស ហើយមានបំណងបង្កហិង្សាដោយប្រើដែកទីប ចង់វាយទៅលើអ្នកបើកបររថយន្ត ត្រូវបានស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាដល់សមត្ថកិច្ច រកអ្នកបើកបរម៉ូតូកង់បីបញ្ច្រាសទិសនោះឱ្យឃើញ។
ដោយកម្លាំងសមត្ថកិច្ច បានធ្វើការសហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានធ្វើការឃាត់ខ្លួនបុរសម្នាក់បើកបរកង់បីឥណ្ឌា (ផាសអាប់) ដែលបើកបរបញ្ច្រាសទិស នៅតាមបណ្តោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រួចក៏មានជម្លោះប្រកែកគ្នារវាងអ្នកបើកបរកង់បីឥណ្ឌាជាមួយអ្នកបើកបររថយន្ត ដោយអ្នកបើកបរកង់បីឥណ្ឌាមានបំណងប្រើប្រាស់ដែកទីបវាយទៅលើម្ចាស់រថយន្ត និងអ្នករួមដំណើរទៀតផង។
ក្រោយកើតហេតុ ស្នងការនគរបាលរាជធានីភ្នំពេញ សហការគ្នាជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកណ្តាល ស្រាវជ្រាវរហូតឃាត់ខ្លួនម្ចាស់កង់បីឥណ្ឌា (ផាសអាប់) ខាងលើ ៕








- Share This Post:






