អន្តរជាតិ

ការសិក្សាដំបូងរបស់ Moderna បានបង្ហាញពីប្រសិទ្ធភាពប្រឆាំងនឹងជំងឺ COVID-19 វ៉ារ្យ៉ង់ Eris និង Fornax នៅលើមនុស្ស

BY
autoadmin
August 18, 2023

ក្រុមហ៊ុន Moderna កាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ បានបង្ហាញពីទិន្នន័យនៃការសិក្សាដំបូងរបស់ខ្លួន សម្រាប់វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលបានធ្វើបច្ចុប្បន្នភាពថ្មី និងបាននិយាយថា វាមានប្រសិទ្ធភាពប្រឆាំងនឹងវ៉ារ្យ៉ង់ Eris និង Fornax នៅលើមនុស្ស។ ក្រុមហ៊ុនរំពឹងថា វ៉ាក់សាំងថ្មីនេះនឹងអាចរកបានទាំងនៅអឺរ៉ុប និងកន្លែងផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ខាងមុខ សម្រាប់រដូវកាលចាក់វ៉ាក់សាំងរដូវស្លឹកឈើជ្រុះ ខណៈខ្លួនក៏កំពុងដាក់សំណើទៅនិយតករសុខភាពនៅសហរដ្ឋអាមេរិក។ ជម្រាបដែរថា Moderna និងអ្នកផ្សេងទៀតដូចជា៖ Novavax, Pfizer និង BioNTech SE កំពុងតែបង្កើតកំណែវ៉ាក់សាំងរបស់ពួកគេ ដោយមានគោលដៅប្រឆាំងនឹង XBB.1.5។

ជាក់ស្ដែងនៅព្រឹកថ្ងៃព្រហស្បតិ៍ Pfizer បានរាយការណ៍ថា វ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលត្រូវបានធ្វើបច្ចុប្បន្នភាពរបស់ខ្លួន ដែលត្រូវបានបង្កើតឡើងដោយការសហការជាមួយ BioNTech បានបង្ហាញសកម្មភាពអព្យាក្រឹតប្រឆាំងនឹងវ៉ារ្យ៉ង់ Eris នៅក្នុងការសិក្សាមួយ ដែលធ្វើឡើងនៅលើសត្វកណ្តុរ។ វ៉ារ្យ៉ង់ Eris ដែលជាឈ្មោះហៅក្រៅសម្រាប់ EG.5 គឺស្រដៀងទៅនឹងប្រភេទរង XBB.1.5 របស់វ៉ារ្យ៉ង់ Omicron ដែលនៅតែមានការវាយប្រហារខ្លាំងដដែល។ EG.5 មានចំនួនប្រហែលជាង ១៧% នៃករណីជំងឺ COVID-19 នៅសហរដ្ឋអាមេរិក នេះបើយោងតាមទិន្នន័យចុងក្រោយរបស់រដ្ឋាភិបាល។ ចំណែកការឆ្លងពីវ៉ារ្យ៉ង់ Fornax ដែលត្រូវបានគេស្គាល់ជាផ្លូវការថា FL 1.5.1 ក៏កំពុងកើនឡើងនៅទូទាំងប្រទេសផងដែរ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: