អន្តរជាតិ

កូរ៉េខាងត្បូងបានពិន័យជាប្រាក់ជាង ២៥លានដុល្លារ លើក្រុមហ៊ុនសេវាទូរស័ព្ទចំនួន៣ ពីបទនិយាយបំផ្លើសថា 5G របស់ពួកគេលឿងជាងអ្នកដទៃ

BY
autoadmin
August 18, 2023

និយតករប្រឆាំងការទុកចិត្តរបស់កូរ៉េខាងត្បូងបាននិយាយថា ខ្លួននឹងដាក់ពិន័យសរុបជាប្រាក់ ៣៣.៦ ពាន់លានវ៉ុន ឬ ២៥.០៦ លានដុល្លារ លើក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទក្នុងស្រុកចំនួន ៣ សម្រាប់ការបំផ្លើសល្បឿនបណ្តាញ 5G របស់ពួកគេ។ គណៈកម្មការពាណិជ្ជកម្មយុត្តិធម៌កូរ៉េ (KFTC) បាននិយាយថា ក្រុមហ៊ុនទូរគមនាគមន៍ចំនួន ៣ រួមមាន៖ SK Telecom, KT និង LG Uplus បានបំផ្លើសពីល្បឿនបណ្តាញ 5G របស់ពួកគេ ហើយបានផ្សាយពាណិជ្ជកម្មបំប៉ោងថា ពួកគេគឺជាក្រុមហ៊ុនដែលផ្គត់ផ្គត់ 5G លឿនជាងដៃគូប្រកួតប្រជែងរបស់ពួកគេ។

KFTC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ក្រុមហ៊ុនទូរគមនាគមន៍ទាំង ៣ បានផ្សព្វផ្សាយថា អ្នកប្រើប្រាស់អាចប្រើប្រាស់ល្បឿនបណ្តាញ 5G នៅក្នុងកម្រិតគោលដៅណាមួយ ដែលជាក់ស្ដែងគឺមិនពិត … ក្រុមហ៊ុនទាំងនោះបានផ្សព្វផ្សាយថា ល្បឿនបណ្តាញ 5G របស់ពួកគេលឿនជាងដៃគូប្រកួតប្រជែងដោយគ្មានភស្តុតាង។»

KFTC បានបន្ថែមថា ខ្លួនសង្ឃឹមថាវិធានការនេះនឹងបម្រើជាឱកាសមួយសម្រាប់ក្រុមហ៊ុនទាំង ៣ ពីការផ្សព្វផ្សាយពាណិជ្ជកម្មបំប៉ោង និងគ្មានមិនយុត្តិធម៌។ យ៉ាងណាក៏ដោយ SK Telecom និង KT Corp បានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីទេ។ ចំណែកអ្នកនាំពាក្យរបស់ក្រុមហ៊ុន LG Uplus បាននិយាយថា ក្រុមហ៊ុនរបស់ពួកគេកំពុងពិនិត្យមើលការដាក់ទណ្ឌកម្មនេះ។ គួរឱ្យដឹងផងដែរថា នៅក្នុងប្រទេសកូរ៉េខាងត្បូងមានអ្នកប្រើប្រាស់បណ្តាញ 5G ចំនួន ៣០.៧៦ លាននាក់ កាលពីក្នុងខែមិថុនា ដែលស្មើនឹង ៣៨% នៃការជាវទូរស័ព្ទចល័តសរុបចំនួន ៨០.២៣ លាននៅក្នុងប្រទេស នេះបើយោងតាមទិន្នន័យពីក្រសួងវិទ្យាសាស្រ្ត និង ICT ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: