បុរសម្នាក់ដែលផ្តើមបង្ហោះផ្អើលរឿងត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត បានចេញមកសុំទោសជាសាធារណ:ហើយ
- August 18, 2023
ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា បុរសដែលផ្ដើមបង្ហោះរូបភាពវីដេអូ ផ្អើលរឿងត្រីស៊ីសាច់មនុស្សនៅស្រុកសំឡូត បានចេញមកសុំទោសជាសាធារណៈគ្រប់យ៉ាង ចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតហើយ។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងទៀតថា ចំពោះអ្នកកំពុងបន្តចែកចាយព័ត៌មានមិនពិតផ្សេងទៀត ត្រូវបានសមត្ថកិច្ចបន្តស្វែងរកផងដែរ ព្រោះនោះគឺជាព័ត៌មានបំពុលបរិយាកាសសង្គម។
សូមជម្រាបជូនថា កាលពីម្សិលមិញនេះ លោកអធិការនគរបាលស្រុកសំឡូត បានបញ្ជាក់ថា នៅចំណុចដងស្ទឹងក្រញូងដែលស្ថិតនៅភូមិ តាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង មានករណីត្រីក្រពតខាំទៅលើបុរសម្នាក់ឈ្មោះ សួន ចំរើន អាយុ ៦៣ឆ្នាំ ទីលំនៅបច្ចុប្បន្នក្រុមទី៩ ភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង បណ្តាលឱ្យមានឈាមហូរ ខណៈដែលគាត់ចុះទៅក្នុងទឹកស្ទឹងនោះ ជាមួយនេះតាមការពិនិត្យរបស់គ្រូពេទ្យដែលព្យាបាលរបួសបានបង្ហាញថារបួសនេះគឺត្រីក្រពតខាំ ដោយខាំចំសរសៃឈាមទើបបណ្ដាលឱ្យមានឈាមហូរច្រើន តែមកដល់ពេលនេះស្ថានភាពជនរងគ្រោះមិនមានបញ្ហាអ្វីនោះទេ។ ចំពោះការផ្សព្វផ្សាយដែលថាបុរសខាងលើមានរបួសជើងដោយសារ (ត្រីស៊ីសាច់មនុស្សខាំ)នោះគឺជារឿងពុំពិតឡើយ ៕



- Share This Post:






