អាជ្ញាធរខេត្តកំពង់ស្ពឺ ប្រកាសដល់ម្ចាស់អាជីវកម្ម បញ្ឈប់ការលក់ដូរ បន្លែ ត្រីសាច់យ៉ាងអាណាធិបតេយ្យ នៅបរិវេណសួនដើមលៀបជាកំហិតត្រឹមថ្ងៃទី៤ ខែកញ្ញា
- August 19, 2023
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពង់ស្ពឺ បានចេញសេចក្ដីណែនាំ ស្ដីពីការរៀបចំសណ្ដាប់ធ្នាប់ការលក់ដូរអាណាធិបតេយ្យនៅបរិវេណសួនដើមលាភ ផ្សារកំពង់ស្ពឺ។

រដ្ឋបាលក្រុងច្បារមន សូមជម្រាបជូនដំណឹងដល់ ម្ចាស់អាជីវកម្ម លក់បន្លែ ត្រីសាច់ និងគ្រឿងឧបភោគ បរិភោគ ទាំងអស់ដែលបានយកទីតាំងសួនដើមលៀប ដើម្បីដាក់លក់ទំនិញផ្សេងៗ យ៉ាងអាណាធិបតេយ្យ និងធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បាត់បង់សោភណ្ឌភាពក្រុង បើទោះបីជាមានការ ជូនដំណឹង និងចុះរៀបសណ្តាប់ធ្នាប់ជារៀងរាល់ថ្ងៃ ក៏បងប្អូនអាជីវករមិនព្រមចូលរួមអនុវត្តន៍តាមការណែនាំ របស់អាជ្ញាធរឡើយ។
ក្នុងន័យនេះ រដ្ឋបាលក្រុងច្បារមន សូមជូនដំណឹងជាថ្មីម្ដងទៀតដល់ បងប្អូនប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម លក់បន្លែ ត្រីសាច់ និងគ្រឿងឧបភោគបរិភោគ នៅបរិវេណសួនដើមលៀបទាំងអស់ជ្រាបថា ដើម្បីចូលរួម សហការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយ ការកកស្ទះចរាចរណ៍ និងលើកម្ពស់សោភ័ណភាពក្រុង សូមលោក លោកស្រី អាជីវករទាំងអស់ បញ្ឈប់ការលក់ដូរ នៅបរិវេណសួនដើមលៀបចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ជាកំហិត។
ករណីលោក លោកស្រី មិនអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ រដ្ឋបាលក្រុងច្បារមន នឹងមាន វិធានការចុះរុះរើ ឬដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅទីតាំងនោះឡើយ។ រដ្ឋបាលក្រុងច្បារមន សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនអាជីវករ ទាំងអស់នឹងចូលរួមសហការ និង អនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះដោយស្មារតីទទួលខុសត្រូវខ្ពស់ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ស្ពឺ
- Share This Post:






