អន្តរជាតិ

យានអវកាស Luna-25 ដែលជា​បេសកកម្មរបស់រុស្ស៊ីដំបូងក្នុងរយៈពេលជិត ៥០ឆ្នាំ ​បានធ្លាក់ចុះនៅឋានព្រះច័ន្ទ

BY
autoadmin
August 21, 2023

យានអវកាសគ្មានមនុស្សបើក Luna-25 របស់ប្រទេសរុស្ស៊ី បានធ្លាក់ចុះទៅលើឋានព្រះច័ន្ទ បន្ទាប់ពីវាបានបាត់បង់ម្ចាស់ការ នៅកំឡុងពេលត្រៀមចុះចតតាមគន្លង។ Luna-25 គឺ​ជា​បេសកកម្ម​ឋានព្រះច័ន្ទ​ដំបូង​របស់ប្រទេស​រុស្ស៊ី​ក្នុង​រយៈពេល​ជិត​ ៥០​ឆ្នាំ ហើយ Luna-25 ក៏គ្រោងក្លាយជាយានចុះចតដំបូងបំផុតនៅលើប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ។ ប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ គឺមិនធ្លាប់មានយានមួយណាទៅដល់នោះទេ ហើយក្រុមអ្នកវិទ្យាសាស្ត្រយល់ថា នៅទីនោះមានផ្ទុកទឹកកក និងធាតុដ៏មានតម្លៃ។

អង្គការ Roscosmos ដែលជាសាជីវកម្មអវកាសរដ្ឋរបស់រុស្ស៊ីបាននិយាយនៅព្រឹកថ្ងៃអាទិត្យថា ខ្លួនបានបាត់បង់ការទាក់ទងជាមួយ Luna-25 ភ្លាមៗ បន្ទាប់ពីម៉ោង ១៤:៥៧ រសៀល (១១:៥៧ GMT) កាលពីថ្ងៃសៅរ៍។ វាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការរកឃើញបឋមបានបង្ហាញថា យានចុះចតទម្ងន់ ៨០០ គីឡូក្រាមមួយនេះ «បានដាច់ទំនាក់ទំនងដែលជាលទ្ធផលនៃការបុកទង្គិចជាមួយផ្ទៃឋានព្រះច័ន្ទ»។ អង្គការបាននិយាយថា គណៈកម្មាការពិសេសមួយ នឹងធ្វើការពិនិត្យរកមើលបញ្ហាដែលធ្វើឱ្យបេសកកម្មនេះបរាជ័យ។

កម្មវិធីអវកាសស៊ីវិលរបស់រុស្ស៊ីបានធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយសារមូលនិធិរបស់រដ្ឋត្រូវបានចំណាយទៅលើវិស័យយោធាច្រើនជាង។ ប្រទេសរុស្ស៊ីកំពុងប្រជែងទៅកាន់ប៉ូលខាងត្បូងរបស់ព្រះច័ន្ទ ស្របពេលដែលយាន Chandrayaan-3 របស់ប្រទេសឥណ្ឌាក៏គ្រោងនឹងចុះចតនៅទីនោះក្នុងពេលប៉ុន្មានថ្ងៃខាងមុខ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: