អន្តរជាតិ

ថៃបានដាក់ចេញការណែនាំសម្រាប់ក្រុមបុរសស្រឡាញ់ភេទដូចគ្នា ដោយសារតែការកើនឡើងនៃករណីជំងឺ Mpox

BY
autoadmin
August 21, 2023

ប្រទេសថៃបានដាក់ចេញការណែនាំសម្រាប់ក្រុមបុរសស្រឡាញ់ភេទដូចគ្នា ឱ្យពួកគេត្រូវអនុវត្តការរួមភេទដោយសុវត្ថិភាព បន្ទាប់ពីមនុស្សប្រហែល ២១៧ នាក់ បានឆ្លងជំងឺអុតស្វា ឬឈ្មោះថ្មីហៅថា Mpox នៅក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។ នាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) បាននិយាយថា ការឆ្លងត្រូវបានរកឃើញនៅក្នុងខេត្តចំនួន ១៩ ហើយមានតែក្នុងចំនោមបុរសប៉ុណ្ណោះ។ អគ្គនាយករង DCD លោក Sopon Iamsirithaworn បាននិយាយថា អត្រាឆ្លងបានកើនឡើងយ៉ាងគួរឱ្យព្រួយបារម្ភ ហើយអ្នកជំងឺស្ទើរតែទាំងអស់ត្រូវបានគេរកឃើញថា បានរួមភេទដោយប្រថុយប្រថាន ឬគេងជាមួយមនុស្សចម្លែក។

ក្នុង​ចំណោម​បុរស ​២១៧​ នាក់​ ដែល​ឆ្លង​ជំងឺ​អុត​ស្វា Mpox មាន​អ្នកជំងឺ ៣០​នាក់ ​ជា​ជនបរទេស​ ហើយផ្សេងទៀតគឺជា​ជនជាតិ​ថៃទាំងអស់ និង​មាន​អាយុ​ចន្លោះ​ពី ២០ ទៅ ៦០ ឆ្នាំ។ លោក Sopon ក៏បានសម្ដែងការព្រួយបារម្ភផងដែរថា មេរោគនេះហាក់ដូចជារីករាលដាលខ្លាំងក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍។ លោក​ថា ប្រសិនបើ​មនុស្ស​មិន​បណ្តោយ​ខ្លួន​ក្នុង​ការ​រួមភេទ​ដោយ​ប្រថុយប្រថាន​ទេ ឱកាស​នៃ​ការ​ឆ្លង​ Mpox នឹង​មិន​មាន​ឡើយ​។ លោក​បន្ត​ថា ចន្លោះ​ខែ​កក្កដា ឆ្នាំ​២០១២ ដល់​ខែ​មេសា ឆ្នាំ​២០២៣ មាន​តែ​ជំងឺ ​Mpox ប្រមាណ ២០​ករណី ​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​រក​ឃើញ​ក្នុង​ប្រទេសថៃ។ ទោះជាយ៉ាងណា ខែឧសភាឆ្នាំនេះ មន្ត្រីបានរកឃើញករណីចំនួន ២០ ហើយចំនួននេះបានកើនឡើងដល់ប្រហែល ៥០ ករណី នៅក្នុងខែមិថុនា និង ១០០ ករណី នៅក្នុងខែកក្កដា។

លោក Sopon បាននិយាយថា អ្នកផ្ទុកមេរោគអេដស៍ ដែលប្រើថ្នាំប្រឆាំងមេរោគអេដស៍ អាចនឹងមានរោគសញ្ញាស្រដៀងនឹងអ្នកមិនផ្ទុកមេរោគអេដស៍ នៅពេលដែលឆ្លងមេរោគ Mpox។ ទោះបីជាយ៉ាងណាក៏ដោយ គាត់បាននិយាយថា អត្រានៃការរីករាលដាលនេះគួរឱ្យព្រួយបារម្ភ ជាពិសេសក្នុងចំណោមអ្នកដែលចូលចិត្តរួមភេទជាមួយមនុស្សចម្លែក។ គាត់បាននិយាយថា ទីក្រុងបាងកកមានអត្រាឆ្លងខ្ពស់បំផុត ដោយសារតែអ្នកស្រុកមានទម្លាប់រួមភេទផ្ដេសផ្ដាស។ លោក​ថា ប្រជាពលរដ្ឋ​គួរ​តែ​យក​ចិត្ត​ទុក​ដាក់ ជា​ពិសេស​ក្នុង​រដូវកាលជំងឺ​ Mpox ​នេះ៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: