អន្តរជាតិ

យ៉ាងហោចណាស់ពលរដ្ឋអាមេរិកចំនួន ៣ នាក់បានបាត់បង់ជីវិត ដោយសារបានឆ្លងបាក់តេរី Listeria ពីការ៉េមក្រឡុក

BY
autoadmin
August 21, 2023

យ៉ាងហោចណាស់មនុស្សចំនួន ៣ នាក់បានស្លាប់ និង ៣ នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីបាក់តេរី Listeria បានឆ្លងចូលការ៉េមក្រឡុក (milkshakes) ដែលលក់នៅហាងប៊ឺហ្គឺមួយ នៅក្រុង Tacoma រដ្ឋវ៉ាស៊ីនតោន របស់សហរដ្ឋអាមេរិក។ នាយកដ្ឋានសុខាភិបាលរដ្ឋវ៉ាស៊ីនតោនបានប្រកាសថា បាក់តេរីត្រូវបានរកឃើញនៅក្នុងម៉ាស៊ីនការ៉េមនៅហាង Frugals បន្ទាប់ពីបុគ្គលិកមិនបានសម្អាតវាឱ្យបានត្រឹមត្រូវ។ នាយកដ្ឋានបាននិយាយថា ករណីនេះបានកើតឡើងនៅចន្លោះថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ ហើយអ្នកដែលរងផលប៉ះពាល់ទាំងអស់ជាក្រុមមានប្រព័ន្ធភាពស៊ាំចុះខ្សោយ។

ហាង Frugals បានឈប់ប្រើប្រាស់ម៉ាស៊ីនការ៉េមរបស់ខ្លួនកាលពីដើមខែនេះ ប៉ុន្តែមនុស្សអាចចាប់ផ្តើមបង្ហាញរោគសញ្ញានៃការឆ្លងបាក់តេរី Listeria រហូតដល់ ៧០ថ្ងៃ បន្ទាប់ពីការប៉ះពាល់ដំបូង។ Frugals បានប្រកាសផងដែរថា នឹងបញ្ឈប់ការលក់ការ៉េមក្រឡុកទាំងអស់ ទាំងនៅក្នុងក្រុង Tacoma និងនៅតាមទីតាំងផ្សេងទៀត។ ម៉ាស៊ីនការ៉េមនៅហាងផ្សេងទៀតនឹងត្រូវបានសាកល្បង ធ្វើតេស្ដរកបាក់តេរី Listeria ហើយម៉ាស៊ីនឆ្លងមេរោគនឹងត្រូវសម្លាប់មេរោគ ហើយធ្វើតេស្តម្តងទៀត។ Frugals ​បាន​សរសេរ​ថា​៖«​យើង​មានការខូចចិត្ត និង​សោកស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​គ្រោះថ្នាក់​ណាមួយ​ ដែលពួក​យើងជាអ្នក​បង្ក​ឡើង​»​។

បាក់តេរី Listeria អាចនឹងគ្មានគ្រោះថ្នាក់សម្រាប់មនុស្សភាគច្រើន ប៉ុន្តែនៅតែអាចបង្កហានិភ័យខ្ពស់សម្រាប់អ្នកដែលមានប្រព័ន្ធភាពស៊ាំចុះខ្សោយ ក្រុមអាយុលើសពី ៦៥ឆ្នាំ និងស្ត្រីមានផ្ទៃពោះ និងទារកទើបនឹងកើត។ មនុស្សប្រហែល ២៦០ នាក់បានស្លាប់ដោយសារ Listeria ក្នុងមួយឆ្នាំៗ ហើយមានករណីសរុបប្រមាណ ៥៨,៧១៧ ត្រូវបានកត់ត្រា និងជិត ២,០០០ ករណី ត្រូវបានបញ្ជាក់នៅចន្លោះឆ្នាំ១៩៩៨ និង២០២១។ រោគសញ្ញារួមមាន៖ គ្រុនក្តៅ និងរោគសញ្ញាដូចជំងឺគ្រុនផ្តាសាយ ប្រកាច់ ឈឺក្បាល អស់កម្លាំង ឈឺសាច់ដុំ បាត់បង់តុល្យភាព រឹងក និងច្របូកច្របល់។ រោគ​សញ្ញា​សម្រាប់​អ្នក​មាន​ផ្ទៃពោះ​រួម​មាន៖ ​គ្រុនក្តៅ ឈឺ​សាច់ដុំ និង​អស់កម្លាំង៕

អត្ថបទ៖ លីដា
ប្រភព៖ Insider

Share This Post: