ព័ត៌មានជាតិ

ពីជីវិតក្មេងវត្ត! ឯកឧត្តម នេត្រ ភក្ត្រា ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន

BY
Khmernote Media
August 22, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យមួយ តែងតាំងគណៈរដ្ឋមន្រ្តី សម្រាប់អាណត្តិទី៧ ដែលមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

ក្នុងព្រះរាជក្រឹត្យរបស់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ឯកឧត្តម នេត្រ ភក្ត្រា ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មានថ្មី ដែលមកជំនួសតួនាទីរបស់ឯកឧត្តម ខៀវ កាញារីទ្ធ។

សូមជម្រាបជូនថា ឯកឧត្តម នេត្រ ភក្ត្រា ជាកូនកសិករ មានស្រុកកំណើតនៅភូមិទោង ឃុំសួង ស្រុងត្បូងឃ្មុំ ខេត្តកំពង់ចាម (បច្ចុប្បន្នខេត្តត្បូងឃ្មុំ)។ ឯកឧត្តម នេត្រ ភក្ត្រា បានប្រឡងជាប់សញ្ញាប័ត្រមធ្យម សិក្សាទុតិយភូមិ ហើយចាកចេញពីស្រុកកំណើតទៅបន្តការសិក្សានៅរាជធានីភ្នំពេញ។ នៅពេលមកដល់រាជធានីភ្នំពេញ ឯកឧត្តមមិនមានលទ្ធភាពក្នុងការជួលផ្ទះគេស្នាក់នៅទេ ដោយឯកឧត្តមបានទៅនៅជាមួយព្រះសង្ឃវត្តកោះ អស់រយៈពេល១០ឆ្នាំ(១៩៩៩-២០០៨) ដើម្បីបានបន្តការសិក្សារៀនសូត្រ។ ក្នុងការស្នាក់នៅវត្តនេះ ឯកឧត្តមបានបន្តការសិក្សានៅវិទ្យាស្ថានភាសារបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ ក្រោយការសិក្សារនៅទីនេះរយៈពេល ៤ឆ្នាំ ឯកឧត្តមមានជំនាញចំនួនពីរគឺ ជំនាញផ្នែកសារព័ត៌មាន និងជាសាស្ត្រាចារ្យភាសារបារាំង។

បន្ទាប់ពីទទួលបានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំ ឯកឧត្តម នេត្រ ភក្ត្រា ក៏ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យក្រសួងបរិស្ថាន។ ទោះជាមានតួនាទីក្នុងជួរដ្ឋាភិបាលក៏ដោយ ឯកឧត្តម នេត្រ ភក្ត្រា ក៏នៅមានកិច្ចការងារមួយទៀតគឺ ប្រធានផ្នែកកិច្ចការសាធារណៈនៃសាលាក្តីខ្មែរក្រហម។ ដោយសារតែការស្រឡាញ់វិស័យសារព័ត៌មាន បានជំរុញឱ្យឯកឧត្តមបានធ្វើការងារនេះ ហើយឯកឧត្តមក៏ទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងពីមជ្ឈដ្ឋាននានាផងដែរ ក្នុងពេលធ្វើកិច្ចការងារនេះ។

នៅក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលពី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ ឯកឧត្តម នេត្រ ភក្ត្រា បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន។ ពីកូនអ្នកកសិករ រួមនឹងជីវិតជូរចត់ពីអតីតកាល អ្វីដែលជំរុញឱ្យឯកឧត្តមទទួលបាននូវភាពជោគជ័យរហូតមដល់ពេលនេះគឺ ពាក្យមួយនៅក្នុងបទចម្រៀង “មិនតូចចិត្តទេឃើញគេអ្នកមាន ត្រូវខំប្រឹងរៀនដើម្បីអនាគតយើងភ្លឺស្វាងនៅថ្ងៃខាងមុខ” ៕

ប្រភព៖ CNC

Share This Post: