អន្តរជាតិ

ទីបំផុតប្រទេសថៃរកឃើញនាយករដ្ឋមន្ត្រីថ្មី គឺលោក Srettha Thavisin

BY
autoadmin
August 22, 2023

បន្ទាប់ពីនយោបាយរបស់ថៃបានជាប់គាំងអស់ជិត ១០០ថ្ងៃ ទីបំផុតបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ គឺលោក Srettha Thavisin (ស្រេតថា ថាវីស៊ីន) បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីទី៣០ របស់ប្រទេសថៃ។ មានការជជែកដេញដោលគ្នាអស់រយៈពេលជាច្រើនម៉ោង ទម្រាំតែអតីតមហាសេដ្ឋីអចលនទ្រព្យរូបនេះ បានទទួលការបោះឆ្នោតនៅក្នុងការប្រជុំរួមគ្នានៅថ្ងៃអង្គារនេះ។ វាមិនច្បាស់ទេថា គាត់មានសំឡេងសរុបប៉ុន្មានទេ ប៉ុន្តែគាត់​ត្រូវការ​សំឡេងគាំទ្រយ៉ាងហោចណាស់ ៣៧៤ សំឡេង ពីសភាទាំងពីរ។

លោក Srettha ​ត្រូវ​បានជ្រោមជ្រែងដោយ​ក្រុមសម្ព័ន្ធ​ចម្រុះ​ដឹកនាំ​ដោយ​គណបក្ស​ភឿ​ថៃ ​ដែល​មាន​គណបក្ស​ចំនួន ១១ ដែលធ្វើឱ្យពួកគេមានសំឡេងភាគច្រើននៅក្នុង​សភាតំណាងរាស្ត្រ ​​ដោយមាន​ ៣១៤ អាសនៈ។ ការ​បែង​ចែក​តំណែង​រដ្ឋមន្ត្រី​ ក៏ត្រូវ​បាន​ធ្វើ​ឡើង​នៅមុន​ការ​បោះឆ្នោត​ជ្រើសរើស​នាយក​រដ្ឋមន្ត្រី​ថ្ងៃ​នេះផងដែរ។ បន្ទាប់ពីឡើងកាន់តំណែង រដ្ឋាភិបាលដឹកនាំដោយគណបក្សភឿថៃបានធ្វើការសន្យាថា នឹងដាក់របៀបវារៈសម្រាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញបច្ចុប្បន្ន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងរបស់ខ្លួន។ ពួកគេបានអះអាងថា ធម្មនុញ្ញឆ្នាំ២០១៧ គឺជាបញ្ហាបច្ចុប្បន្នរបស់ប្រទេសថៃ។ នៅថ្ងៃដដែលនេះ អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក៏បានទៅដល់ប្រទេសថៃ បន្ទាប់ពីបានចំណាយពេល ១៥ឆ្នាំ រស់នៅនិរទេសខ្លួនក្រៅប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ The Nation Thailand

Share This Post: