ព័ត៌មានជាតិ

មកស្គាល់ប្រវត្ដិរបស់ឯកឧត្ដម ហេង សួរ មុនក្លាយជារដ្ឋមន្ត្រីក្រសួងការងារ បានឆ្លងកាត់ការ​ងារ​តាំងពីកូន​មន្ត្រីថ្នាក់តូច

BY
Khmernote Media
August 22, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា ឯកឧត្ដម ហេង សួរ ត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ​គណបក្ស​ប្រជា​ជន​កម្ពុជា ផ្តល់សេចក្តីទុកចិត្តឱ្យកាន់តំណែងជារដ្ឋមន្រ្ដីក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈដែលជាអាណាព្យាបាលលើភាគីកម្មករ ឬពលករ និងភាគីនិយោជក ឬអ្នកវិនិ​យោគ ដែលជាទូទៅ ភាគីទាំងពីរ តែងតែមានទំនាស់ផលប្រយោជន៍នឹងគ្នា ហើយ​ងាយ​នឹង​មើលមុខគ្នាមិនចំប្រសិនជាមានជនទី៣ ណាមួយព្យាយាមអុចអាល។

តំណែងរដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈគឺជាកៅអីក្តៅមួយនៅបណ្តាប្រទេសនានា ហើយ​​នៅ​កម្ពុជាក៏ដូចគ្នាដែរ។ ដូច្នេះ តើឯកឧត្ដម ហេង សួរ ជាអ្នកណាដែលអង្គុយ​នៅលើ​កៅ​អីក្តៅមួយនេះ? មុននឹងឈានចូលមកដឹងអំពីប្រវត្ដិលម្អិតរបស់ឯកឧត្ដមរដ្ឋ​មន្រ្ដី​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនោះ សូមអាននូវប្រវត្តិគ្រួសាររបស់ឯកឧត្ដមជា​មុន​សិន។

ឯកឧត្ដម ហេង សួរ ជាកូនអ្នករស់នៅទីក្រុងភ្នំពេញ មានឈាមជ័រជាអ្នករកស៊ីតាំង​ពីដូនតា ឯកឧត្ដមគឺជាកូនច្បងក្នុងចំណោមបងប្អូនចំនួន៥នាក់ ដែលភាគច្រើនជា​ពាណិជ្ជករ។ ក្នុងឯកសារផ្លូវការ ឯកឧត្ដមកើតនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៧៥ ប៉ុន្តែ​ប្រភពមួយចំនួនថាកើតនៅឆ្នាំ១៩៧៤។ បច្ចុប្បន្ននេះ ឯកឧត្ដមគឺជាឪពុក ដែលមានកូន​ចំនួន​៣នាក់ក្នុងបន្ទុក ខណៈដែលភរិយាឯកឧត្ដម គឺជាពាណិជ្ជករ និងអ្នកវិនិយោគលើ​ផ្នែក​សណ្ឋាគារ និងអចលនទ្រព្យ។ ម្តាយរបស់ឯកឧត្ដមនៅបន្តមរតកជាអ្នកមើលថែកូន​ចៅពីឪពុក និងគ្រប់គ្រងចំណូលអចលនទ្រព្យ ដែលស្វាមីបន្សល់ទុក។

ពាក់ព័ន្ធនឹងជីវិតការងារវិញ ចាប់ផ្តើមចេញពីអ្នកតូចតាច ដែលតាមពិតឥស្សរជន​នយោបាយ​សប្បុរស សក់ត្រង់ស្លូត ​ដែលកំពុងអង្គុយក្នុងតំណែងរដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនេះ ក៏ចាប់ផ្តើមចេញពីតំណែងកូនមន្ត្រីផងដែរ។

បើតាម​ឯកសារ​បានឱ្យដឹងថា រដ្ឋមន្ត្រីរូបនេះ បានផ្តើមធ្វើការដំបូងជាមន្ត្រីនៅ​ក្រសួង​​សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅឆ្នាំ ១៩៩៩ និងបានប្រឡងជាប់ជាមន្ត្រីពន្ធដារវគ្គ​ដំបូង​បង្អស់​នៅដើមឆ្នាំ២០០០។ នៅឆ្នាំ២០០៤ ក្នុងខណៈដែលឯកឧត្ដមកំពុងសិក្សាថ្នាក់ បណ្ឌិត​​នៅប្រទេសជប៉ុន ឯកឧត្ដមក៏ត្រូវបានរដ្ឋាភិបាលតែងតាំងជាតួនាទីជាអគ្គនាយក​រង​រដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលទើបបង្កើតថ្មី ហើយបានតម្រូវឱ្យឯកឧត្ដមត្រូវបង្ខំចិត្តបោះបង់សិក្សាថ្នាក់បណ្ឌិតផ្នែកពាណិជ្ជកម្មអន្តរជាតិចោល។

ជាមួយគ្នានេះ នៅឆ្នាំ២០០៨ ក្រោយកាន់តំណែងបាន៤ឆ្នាំ ឯកឧត្ដមត្រូវបានព្រះម​ហា​ក្ស​ត្រត្រាស់បង្គាប់តែងតាំងជាអគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុរបស់​ក្រសួង​ការងារក្នុងសម័យកាលឯកឧត្ដម អ៊ិត សំហេង ជារដ្ឋមន្ត្រីក្រសួងការងារ និង​បណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ជាបន្តបន្ទាប់ទៀតមក ឯកឧត្ដម ក៏ត្រូវបានព្រះមហាក្សត្រ​ត្រាស់​បង្គាប់តែងតាំងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញ​វត្ថុ​នៅ​ឆ្នាំ២០១៧ ហើយឯកឧត្ដមក៏ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងជានាយក​ខុទ្ទកាល័យ​រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅឆ្នាំ២០១៨ រហូតដល់​បញ្ចប់​នីតិកាលទី៦ មុននឹងក្លាយជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅក្នុងអាណត្តិទី៧នេះ។

បើយោងតាមឯកសារទាក់ទងនឹងប្រវត្តិនៃការសិក្សាបានឱ្យដឹងថា ឯកឧត្ដម ហេង សួរ ជាអតីតសិស្សវិទ្យាល័យទូលទំពូង នៅរាជធានីភ្នំពេញ ហើយនៅឆ្នាំ១៩៩៤ ឯកឧត្ដម ជានិស្សិតបា​នទទួលអាហាររូបករណ៍ផ្នែកគណនេយ្យពាណិជ្ជកម្ម ពីវិទ្យាស្ថានជាតិគ្រប់​គ្រង​ដែលបច្ចុប្បន្នគឺជាសាកលវិទ្យាល័យជាតិគ្រប់គ្រង។ ឯកឧត្ដមរដ្ឋមន្ត្រីរូបនេះ ក៏ជា​និស្សិត​អាហារូបករណ៍ថ្នាក់អនុបណ្ឌិតនៅប្រទេស​ជប៉ុន​ផ្នែកគោលនយោបាយពន្ធដារ​ក្នុង​ឆ្នាំ២០០០-២០០២ ហើយបន្តការសិក្សាថ្នាក់បណ្ឌិត​ពាណិជ្ជកម្មអន្តរជាតិបន្ថែមទៀត ប៉ុន្តែ​ត្រូវបង្ខំ​ចិត្តបោះបង់ចោលនៅឆ្នាំ២០០៤ ព្រោះត្រូវ​មក​ទទួលតំណែងក្នុងប្រទេស​កំណើត​វិញ។ នេះបើតាមការបញ្ជាក់ពីមិត្តភក្តិដែល​ធ្លាប់​សិក្សា​នៅជប៉ុនជាមួយគ្នា។

ទាក់ទងនឹងកិច្ចការងារក្នុងជួររាជដ្ឋាភិបាល និងកិច្ចការគណបក្សវិញ គឺនៅមុនការ​តែងតាំងជារដ្ឋមន្ត្រី ឯកឧត្ដម ហេង សួរ​ ត្រូវបានគេដឹងថាមានតួនាទីជាច្រើនក្នុង​ស្ថាប័នរដ្ឋ​ដែលបម្រើការងារជូនរាជរដ្ឋាភិបាលកម្ពុជាជាច្រើនឆ្នាំមកហើយ ចាប់តាំងពីមុនមកម្ល៉េះ។ ឯកឧត្ដម គឺជាជំនួយការសម្តេចតេជោ ហ៊ុន សែន, ជាសមាជិកឧត្តមក្រុមប្រឹក្សា​សេដ្ឋ​កិច្ចជាតិ និងជាអនុប្រធានលេខាធិការដ្ឋាន​គណៈកម្មការប្រឹក្សាការងារ ជាដើម។ ដោយ​ឡែកការងារនយោបាយក្នុងបក្សវិញ ឯកឧត្ដមមានតួនាទីចំនួន ១២ ផ្សេងគ្នា​ដូចជា​សមា​ជិក​គណៈ​កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកគណៈអចិន្ត្រៃយ៍​យុវជន​គណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល ប្រធានផ្នែករាជធានី-ខេត្តនៃយុវជនគណបក្ស ប្រជា​ជនកម្ពុជា ជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្ស​ប្រជាជន​កម្ពុជា​នៅសាធារណរដ្ឋកូរ៉េ ជប៉ុន និងម៉ាឡេស៊ី និងអនុ ប្រធានក្រុមការងារកសាង​ពង្រឹង​គណបក្សប្រចាំសាធារណរដ្ឋកូរ៉េ ថៃ ម៉ាឡេស៊ី និងប្រទេសជប៉ុនជាដើម។

តែទោះបីយ៉ាងណាក៏ដោយ នៅក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលដែលដឹកនាំ​ដោយ​កិត្តិទេសាភិបាល​បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី អ្នកកាន់តំណែងកៅអី​កំពូលៗ​របស់រាជរដ្ឋាភិបាលគេសង្កេត​ឃើញអ្នក​កាន់​តំណែងមានប្រភពចេញ​ពីកូនរាស្ត្រ​សាមញ្ញមានទាំងអ្នកអតីតក្មេងវត្តផងដែរ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: