អន្តរជាតិ

ឥណ្ឌាបានក្លាយជាប្រទេសដំបូងគេ ដែលបានបញ្ជូនយានអវកាសទៅដល់ប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ

BY
autoadmin
August 25, 2023

មន្ត្រីទីភ្នាក់ងារអវកាសឥណ្ឌាបាននិយាយថា ពួកគេបានត្រួតពិនិត្យការចុះចតជាលើកដំបូងមិនធ្លាប់មានរបស់យានអវកាស នៅជិតប៉ូលខាងត្បូងរបស់ឋានព្រះច័ន្ទ។ ពួកគេនិយាយថា យានដែលគ្មានមនុស្សបើក Chandrayaan-3 បានចុះចតដល់ផ្ទៃឋានព្រះច័ន្ទកាលពីល្ងាចថ្ងៃពុធ ហើយកាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ពួកគេ​ក៏បាន​ចែក​រំលែក​រូបថតនៃ​ផ្ទៃ​ព្រះច័ន្ទ ​ដែលបាន​ថត​បាន​អំឡុង​ពេល និង​ក្រោយ​ពេល​ចុះ​ចត។

ក្រុមមន្ត្រីបាននិយាយថា យាន rover របស់ Chandrayaan-3 ឥឡូវនេះ បានចាកចេញពីយានអវកាសរបស់ខ្លួន ដើម្បីចាប់ផ្តើមបេសកកម្មនៅក្នុងតំបន់ដែលមិនធ្លាប់បានរុករកពីមុន។ ជម្រាបដែរថា អ្នកវិទ្យាសាស្ត្រជឿថា ប៉ូលខាងត្បូងនៃឋានព្រះច័ន្ទ អាចផ្ទុកទឹកក្នុងទម្រង់ជាទឹកកក ដែលវាមានសក្ដានុពលក្លាយជាប្រភពទឹកនាពេលអនាគត។

ឥណ្ឌាគឺជាប្រទេសទី៤ ដែលបានចុះចតនៅលើឋានព្រះច័ន្ទ តាមពីក្រោយអតីតសហភាពសូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ជាមួយគ្នានេះ Chandrayaan-3 គឺជាយានដំបូងគេដែលទៅដល់ប៉ូលខាងត្បូង ហើយសមិទ្ធិផល​នេះ ​កំពុង​ផ្តល់​ឱ្យ​ប្រជាជន​ទូទាំង​ប្រទេស​នូវ​ហេតុផល​ជាច្រើន​ដើម្បី​អបអរ។ Chandrayaan-3 ត្រូវបានគេរំពឹងថា នឹងនៅដំណើរការបានរយៈពេល ២ សប្តាហ៍ ខណៈយាន rover របស់វា នឹងមានតួនាទីពិនិត្យមើលទឹក និងសមាសធាតុរ៉ែរបស់ផ្ទៃព្រះច័ន្ទ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: