អន្តរជាតិ

ចិនបានហាមឃាត់អាហារសមុទ្រទាំងអស់ពីជប៉ុន ក្រោយការបញ្ចេញទឹកសំណល់ពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi បានចាប់ផ្ដើម

BY
autoadmin
August 25, 2023

ប្រទេសជប៉ុនបានចាប់ផ្តើមបញ្ចេញទឹកសំណល់វិទ្យុសកម្មពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃព្រហស្បតិ៍ ដែលជាជំហានដំបូងដ៏ចម្រូងចម្រាសមួយ ដែលបានជំរុញឱ្យប្រទេសចិនដាក់ការហាមឃាត់រាល់អាហារសមុទ្រទាំងអស់ពីប្រទេសនេះ។ ប្រជាជនទាំងក្នុង និងក្រៅប្រទេស បានតវ៉ាចំពោះការបញ្ចេញទឹកសំណល់នេះ ដោយក្រុមអ្នកនេសាទជប៉ុនព្រួយបារម្ភថា វានឹងធ្វើឱ្យខូចកេរ្តិ៍ឈ្មោះរបស់អាហារសមុទ្រជប៉ុន ខណៈដែលនៅក្នុងប្រទេសចិន និងកូរ៉េខាងត្បូង បញ្ហានេះវាបានធ្វើឱ្យវាក្លាយជាចំណោទបញ្ហាទាំងនយោបាយ និងការទូត។

ដើម្បីឆ្លើយតបទៅនឹងការបញ្ចេញទឹកសំណល់របស់ភាគីជប៉ុន អាជ្ញាធរគយចិនកាលពីថ្ងៃព្រហស្បតិ៍បានប្រកាសថា ពួកគេបានដាក់ហាមឃាត់អាហារសមុទ្រពីប្រទេសជប៉ុន។ ការហាមឃាត់បានចូលជាធរមានភ្លាមៗ ហើយវានឹងគ្របដណ្ដប់ដល់ការនាំចូលផលិតផលក្នុងទឹក រួមទាំងអាហារសមុទ្រទាំងអស់។ អាជ្ញាធរចិនបាននិយាយថា ពួកគេនឹង «កែសម្រួលនូវវិធានការបទប្បញ្ញត្តិពាក់ព័ន្ធតាមការសមស្រប ដើម្បីការពារហានិភ័យនៃការបញ្ចេញទឹកដែលបំពុលដោយនុយក្លេអ៊ែរ ដែលអាចប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពចំណីអាហារប្រជាជនចិន»។

ភ្លាមៗបន្ទាប់ពីការប្រកាសរបស់ប្រទេសចិន ប្រធានក្រុមហ៊ុន Tokyo Electric Power Company Holdings លោក Tomoaki Kobayakawa បាននិយាយថា ក្រុមហ៊ុនកំពុងរៀបចំដើម្បីផ្តល់សំណងដល់ម្ចាស់អាជីវកម្មជប៉ុនឱ្យបានសមរម្យ សម្រាប់ការខូចខាតដោយសារការហាមឃាត់ពីសំណាក់ «រដ្ឋាភិបាលបរទេស»។ គាត់បាននិយាយថា ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់ ហើយគាត់នឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់នូវការពន្យល់បែបវិទ្យាសាស្ត្រ ដូច្នេះការហាមប្រាមនឹងត្រូវបានលុបចោលឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: