រដ្ឋមន្ត្រីក្រសួងព័ត៌មានលើកឡើងថា នឹងជំរុញឱ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យកាន់តែទំនើបកម្ម
- August 25, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកឡើងថា នឹងជំរុញប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិឱ្យកាន់តែទំនើបកម្ម ព្រោះសារព័ត៌មានគឺជាអំណាចទី៤ នៅក្នុងប្រទេសកម្ពុជា ដែលមានតួនាទីសំខាន់ណាស់ ក្នុងការចូលរួមអភិវឌ្ឍន៍ និងពង្រឹងលទ្ធិប្រជាធិបតេយ្យ។

ការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានបែបនេះ នៅក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្ត្រីរាជការ នៅអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា អ្នកសារព័ត៌មានមានតួនាទីសំខាន់ណាស់ក្នុងការចូលរួមបញ្ជូនព័ត៌មានពីអាជ្ញាធរទៅប្រជាពលរដ្ឋ ពីប្រជាពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីឱ្យសាធារណជនបានដឹងពីប្រព្រឹត្តិការណ៍ដែលកំពុងកើតឡើងនៅក្នុងប្រទេស។
ឯកឧត្តមបានបញ្ជាក់ថា សារព័ត៌មានរបស់ជាតិដែលមានវិទ្យុជាតិកម្ពុជា ទូរទស្សជាតិកម្ពុជា និង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ត្រូវតែរួមគ្នាពង្រឹង ដាក់ទិសដៅរួមគ្នា ដើម្បីអភិវឌ្ឍន៍ ជាប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែទំនើប ផ្តោតសំខាន់ បុរាណរួមសម័យគឺតាមរយៈរលកសំឡេង តាមទូរទស្សន៍ វិទ្យុដដែល តែបន្ថែមតាមបណ្ដាញសង្គមមានដូចជា Facebook TikTok YouTube Telegram ជាដើម។
ឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ទៀតថា ការងារអាទិភាពដែលឯកឧត្តមនឹងត្រូវធ្វើការងារក្នុងនាមជារដ្ឋមន្រ្ដីក្រសួងព័ត៌មានផ្ដោតជាសំខាន់ គឺផ្ដោតលើការធ្វើទំនើបកម្មស្ថាប័ន និងរដ្ឋបាលទំនើប ដើម្បីធ្វើឱ្យក្រសួងព័ត៌មាននេះ ក្លាយទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកបដោយបុរេសកម្ម សកម្ម ប្រកបដោយគុណភាព និងប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាគឺផ្សព្វផ្សាយពីការពិតរបស់កម្ពុជាយើងទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ។
ឯកឧត្តមរដ្ឋមន្រ្ដី បានលើកឡើងថា ការផ្សព្វផ្សាយពីការពិតរបស់កម្ពុជាទៅកាន់មជ្ឈដ្ឋានជាតិ និងអន្ដរជាតិ គឺដើម្បីឱ្យគេបានដឹងអំពីដំណើរវិវត្ដន៍របស់ប្រទេសកម្ពុជា ក្រោមដំបូលនៃសុខសន្ដិភាព និងធ្វើយ៉ាងម៉េចឱ្យវិស័យសារព័ត៌មានរបស់យើងនេះ កាន់តែមានភាពរីកចម្រើនថែមទៀត ហើយធ្វើឱ្យប្រជាជនកម្ពុជា ទទួលបាននូវព័ត៌មានពិតអំពីកម្ពុជា និងសង្គមរបស់ខ្លួន៕



ប្រភព៖ ក្រសួងព័ត៌មាន
- Share This Post:






