អន្តរជាតិ

យ៉ាងហោចណាស់មនុស្ស ១២ នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍រត់ជាន់គ្នា នៅកីឡដ្ឋានមួយក្នុងប្រទេសម៉ាដាហ្គាស្ការ

BY
autoadmin
August 26, 2023

មនុស្សយ៉ាងតិចណាស់ ១២ នាក់បានស្លាប់ និង ៨០ នាក់បានរងរបួស បន្ទាប់ពីមានការរត់ជាន់គ្នានៅក្នុងចំណោមអ្នកគាំទ្រកីឡា ដែលព្យាយាមចូលទៅក្នុងពហុកីឡដ្ឋានជាតិរបស់ប្រទេសម៉ាដាហ្គាស្ការ សម្រាប់ពិធីបើកព្រឹត្តិការណ៍ Indian Ocean Island Games។ ការរត់ជាន់គ្នានេះ បានកើតឡើងនៅច្រកចូលពហុកីឡដ្ឋាន Barea កាលពីថ្ងៃសុក្រ ដែលហ្វូងអ្នកទស្សនាប្រហែល ៥០,០០០ នាក់ បានមកចូលរួមព្រឹត្តិការណ៍។

នាយករដ្ឋមន្ត្រីលោក Christian Ntsay បានប្រាប់អ្នកយកព័ត៌មាននៅមន្ទីរពេទ្យក្នុងទីក្រុង Antananarivo ថា៖«តួលេខបណ្តោះអាសន្នបង្ហាញថា មនុស្ស ១២ នាក់បានស្លាប់ និង ៨០ នាក់បានរងរបួស»។ ព្រឹត្តិការណ៍ Indian Ocean Island Games គឺជាការប្រកួតកីឡាច្រើនទម្រង់ ដែលធ្វើឡើងនៅប្រទេសម៉ាដាហ្គាស្ការ រហូតដល់ថ្ងៃទី០៣ ខែកញ្ញា។ ពួកគេត្រូវបានបង្កើតឡើងដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ក្នុងឆ្នាំ១៩៧៧ ហើយរួមមានអត្តពលិកមកពីប្រទេសម៉ូរីស (Mauritius),សីស្ហែល (Seychelles), កូម៉ូរ៉ូ (Comoros), ម៉ាដាហ្គាស្ការ (Madagascar), ម៉ាយ៉ាត (Mayotte), Réunion និងម៉ាល់ឌីវ (Maldives)៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: