អន្តរជាតិ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចស្វែងរកការលើក​លែង​ទោសពីព្រះមហាក្សត្រថៃ បើ​ទោះ​ជា​មាន​ការ​ប្រឆាំងលើសំណើនោះក៏ដោយ

BY
autoadmin
August 28, 2023

អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អាចទៅសុំការលើកលែងទោសពីព្រះមហាក្សត្រ ថ្វីបើមានអ្នកប្រឆាំងជំទាស់នឹងសំណើបែបនេះក៏ដោយ។ លោក Nastee Thongplad អភិបាលនៃពន្ធនាគារ Remand នៃទីក្រុងបាងកក បាននិយាយកាលពីថ្ងៃអាទិត្យថា លោក ថាក់ស៊ីន ក៏ដូចអ្នកទោសផ្សេងទៀត គឺមានសិទ្ធិស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ហើយគាត់ ឬសាច់ញាតិរបស់គាត់ នឹងត្រូវរៀបចំឱ្យមានហេតុផលគ្រប់គ្រាន់ ដើម្បីគាំទ្រសំណើរបស់គាត់។ មេគុករូបនេះ​បាន​និយាយ​ថា ពាក្យ​ស្នើសុំ​លើក​លែង​ទោស​ពី​ព្រះមហាក្សត្រ​ គឺធ្វើនៅ​ពន្ធនាគារ ហើយអាជ្ញាធរ​ពន្ធនាគារ​នឹង​ពិនិត្យ​ញត្តិ​ជា​លាយលក្ខណ៍អក្សរនោះ រួច​បញ្ជូន​បន្ត​ទៅ​នាយកដ្ឋាន​កែ​ប្រែ។

បន្ទាប់មក​ញត្តិ​នឹង​ផ្ញើទៅ​ក្រសួងយុត្តិធម៌ លេខាធិការដ្ឋាន​ខុទ្ទកាល័យ និង​ចុងក្រោយ​ទៅ​ការិយាល័យ​អគ្គលេខាធិកា​រ​ឯកជនរបស់​ព្រះករុណា​ព្រះមហាក្សត្រ​ សម្រាប់ការ​លើក​យកមក​ពិចារណា​។ មានទម្រង់បែបបទស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ហើយអ្នកដាក់ញត្តិនឹងត្រូវបង្ហាញឯកសារផ្សេងទៀត ដើម្បីបង្ហាញពីការរួមចំណែកកន្លងមក និងកំណត់ត្រាការព្យាបាលវេជ្ជសាស្រ្តរបស់គាត់។ លោក Nastee ក៏​បាន​និយាយ​ដែរ​ថា អ្នក​ទស្សនា​នឹង​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​លោក ថាក់ស៊ីន នៅ​មន្ទីរពេទ្យ Police General ចាប់ពី​ថ្ងៃ​ច័ន្ទ​តទៅផងដែរ។ ចំនួន​អ្នក​មកលេងលោក ថាក់ស៊ីន នឹងកំណត់​មក​ត្រឹម ១០ នាក់​ក្នុង​មួយ​ថ្ងៃ ដោយការចុះឈ្មោះជាមុន ហើយត្រូវបានហាមឃាត់មិនឱ្យបង្ហាញអំណោយ ឬវត្ថុអនុស្សាវរីយ៍ណាមួយដល់លោក ថាក់ស៊ីន នោះឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: