អន្តរជាតិ

ប្រទេសបារាំងនឹងហាមប្រាមសិស្សពីការស្លៀកពាក់រ៉ូបអាបាយ៉ា (abaya) នៅតាមសាលារៀន ដើម្បីបញ្ចៀសការកំណត់អត្តសញ្ញាណសាសនារបស់សិស្ស

BY
autoadmin
August 28, 2023

ប្រទេសបារាំងនឹងហាមប្រាមសិស្សដែលរៀននៅសាលារដ្ឋពីការស្លៀករ៉ូបអាបាយ៉ា (abaya) ដែលជាប្រភេទសម្លៀកបំពាក់រលុង និងវែង សម្រាប់ស្ត្រី ឬនារីមូស្លីម។ រដ្ឋមន្ត្រីក្រសួងអប់រំលោក Gabriel Attal កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយប៉ុស្តិ៍ទូរទស្សន៍បារាំង TF1 បាននិយាយថា៖«នៅពេលអ្នកដើរចូលទៅក្នុងថ្នាក់រៀន អ្នកមិនគួរដឹងពីអត្តសញ្ញាណសាសនារបស់សិស្ស ដោយគ្រាន់តែការឃើញពួកគេទេ»។ ពោលគឺលោក Gabriel Attal ចង់សំដៅថា ការស្លៀកពាក់រ៉ូបអាបាយ៉ា នឹងធ្វើឱ្យអត្តសញ្ញាណសាសនារបស់សិស្សម្នាក់នោះ ត្រូវបានគេស្គាល់យ៉ាងងាយស្រួល។

នៅឆ្នាំ២០០៤ ច្បាប់របស់បារាំងបានហាមប្រាមលើ «ការស្លៀកពាក់សញ្ញាសម្គាល់ ឬសម្លៀកបំពាក់ ដែលសិស្សអាចបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងសាសនា» នៅក្នុងសាលារៀន។ ច្បាប់នេះបានអនុវត្តចំពោះឈើឆ្កាង, មួកគីប៉ា (kippah) របស់ជនជាតិយូដា និងកន្សែងរុំក្បាលរបស់អ៊ីស្លាម។ យ៉ាង​ណា​ក៏​ដោយ រ៉ូបអាបាយ៉ា ត្រូវ​បាន​គេលើកលែងរហូត​ដល់​ខែ​វិច្ឆិកា​កន្លង​ទៅនេះ។ ក្រសួងអប់រំនៅពេលនោះបានចេញសារាចរមួយ ដែលដាក់បញ្ចូលរ៉ូបអាបាយ៉ា នៅក្នុងក្រុមសម្លៀកបំពាក់ហាមឃាត់ប្រសិនបើសិស្សពាក់វា «ក្នុងលក្ខណៈមួយដើម្បីបង្ហាញពីទំនាក់ទំនងសាសនាដោយបើកចំហ»។

ភាពចម្រូងចម្រាសជុំវិញ រ៉ូបអាបាយ៉ា គឺកាន់តែខ្លាំងឡើងនៅក្នុងឆ្នាំ២០២០ នៅពេលដែលក្រុម Chechen Muslim ជ្រុលនិយមបានកាត់ក្បាលគ្រូបង្រៀនរបស់បារាំងម្នាក់ ក្រោយពីគ្រូម្នាក់នោះបានបង្ហាញរូបត្លុក ព្យាការីព្រះ​មហាម៉ាត់នៃសាសនាឥស្លាម (Muslim prophet Mohammed)៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: