ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្តីក្រសួងការងារ ពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៤ ឱ្យបានលឿនមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ហើយទោះតិច ឬច្រើន គឺត្រូវតែឡើង
ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការីនី និយោជិត តាមរោងចក្រ សហគ្រាស ចំនួន ១៨.០០០នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ នេះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់ឈ្នួលរបស់កម្មករសម្រាប់ឆ្នាំ២០២៤ ទោះតិច ឬច្រើន គឺត្រូវតែឡើង និងណែនាំឱ្យរដ្ឋមន្រ្តីក្រសួងការងារ ពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានលឿន និងសម្រេចមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងដូច្នេះថា៖ «ខ្ញុំសូមប្រគល់ភារកិច្ចជាក់ស្ដែងចំពោះមុខជូនក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលត្រូវធ្វើ ក្នុងឆ្នាំ២០២៣ នេះ គឺត្រូវខិតខំសម្របសម្រួល ការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឱ្យបានល្អ ដោយឈរលើលក្ខណៈវិទ្យសាស្រ្ត និងលក្ខណៈវិនិច្ឆ័យ ដែលមានចែងក្នុងច្បាប់ ស្ដីពីប្រាក់ឈ្នួលអប្បបរមា ឱ្យបានមុនពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌ ត្រូវធ្វើឱ្យលឿន ធ្វើម៉េចឱ្យប្រជាពលរដ្ឋ បានដឹងថា ឆ្នាំនេះ ប្រាក់ខែឆ្នាំ២០២៤ បានឡើងអប្បបរិមា ទាន់ពេលភ្ជុំបិណ្ឌគាត់ទៅប្រាប់ឪពុកម្ដាយគាត់ថា ឆ្នាំក្រោយបានឡើងប៉ុណ្ណឹងៗ តិច ឬ ច្រើន ត្រូវតែឡើងជូនបងប្អូនកម្មករកម្មការិនី »៕


អត្ថបទ៖ លីនី