អន្តរជាតិ

សហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីលរយៈចម្ងាយឆ្ងាយ ទៅឱ្យប្រទេសជប៉ុនជាលើកដំបូងបំផុត

BY
autoadmin
August 29, 2023

សហរដ្ឋអាមេរិកបានអនុម័តការលក់មីស៊ីលរយៈចម្ងាយឆ្ងាយ បាញ់បង្ហោះតាមអាកាស និងឧបករណ៍ពាក់ព័ន្ធដែលមានតម្លៃជាង ១០០ លានដុល្លារ ទៅដល់ប្រទេសជប៉ុន។ រដ្ឋាភិបាលអាមេរិកបានជូនដំណឹងដល់សភាអំពីផែនការលក់មីស៊ីល Joint Air-to-Surface Standoff Missile-Extended Range ឬ JASSM-ER ដែលបំពាក់លើយន្តហោះចម្បាំង ទៅឱ្យប្រទេសជប៉ុន។ JASSM-ER គឺជា​ប្រភេទ standoff មានន័យថា វា​អាច​បាញ់​ចេញពីក្រៅរង្វង់ដែល​សត្រូវ​អាចចាប់បាន។ មីស៊ីលនេះ អាចបាញ់ចម្ងាយជាង ៩០០ គីឡូម៉ែត្រ ហើយវាជាលើកទី១ ដែលការលក់របស់អាមេរិកទៅជប៉ុនត្រូវបានអនុម័ត។

រដ្ឋាភិបាលសហរដ្ឋ​អាមេរិក​បាន​លាតត្រដាង​ថា ជប៉ុន​បាន​ស្នើសុំ​ទិញ​មីស៊ីល​ដល់​ទៅ ៥០ គ្រាប់ នៅ​ក្នុង​តម្លៃ​ប្រមាណ ១០៤ លាន​ដុល្លារ។ រដ្ឋាភិបាលបាននិយាយថា ការលក់ដែលបានស្នើឡើងនឹងគាំទ្រដល់គោលដៅគោលនយោបាយការបរទេស និងគោលដៅសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក ដោយការបង្កើនសន្តិសុខនៃសម្ព័ន្ធមិត្តដ៏សំខាន់មួយ។ ពួកគេក៏និយាយផងដែរថា ការលក់នេះនឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសជប៉ុន ក្នុងការទប់ទល់នឹងការគម្រាមកំហែងនាពេលបច្ចុប្បន្ន និងអនាគតដោយផ្តល់នូវសមត្ថភាពទប់ទល់៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: