អន្តរជាតិ

​ចក្រភពអង់គ្លេស​នឹង​បញ្ចេញ​ថ្នាំ​ព្យាបាល​មហារីក​ ដោយប្រើពេលត្រឹមតែ ៧នាទី ជាលើក​ដំបូងបំផុតនៅក្នុង​ពិភពលោក

BY
autoadmin
August 30, 2023

សេវាសុខភាពជាតិរបស់ចក្រភពអង់គ្លេស (NHS) នឹងផ្តល់ការចាក់ថ្នាំព្យាបាលជំងឺមហារីកទៅដល់អ្នកជំងឺរាប់រយនាក់នៅក្នុងប្រទេសអង់គ្លេស ដែលវានឹងជួយកាត់បន្ថយពេលវេលាព្យាបាលបានរហូតដល់ ៣ ភាគ ៤ ហើយក៏ជាលើកដំបូងបំផុតនៅក្នុងពិភពលោកផងដែរ។ បន្ទាប់ពីមានការអនុម័តពីទីភ្នាក់ងារនិយតកម្មឱសថ និងផលិតផលថែទាំសុខភាព (MHRA) សេវាសុខភាពជាតិ កាលពីថ្ងៃអង្គារ ទី២៩ ខែសីហា បាននិយាយថា អ្នកជំងឺដែលមានសិទ្ធិរាប់រយនាក់នឹងត្រូវប្រើប្រាស់ថ្នាំព្យាបាលតាមរយៈភាពស៊ាំ atezolizumab ដោយការចាក់ថ្នាំទៅក្រោមស្បែករបស់ពួកគេ នៅក្នុងរយៈពេលតែ ៧ នាទីប៉ុណ្ណោះ។

ថ្នាំ Atezolizumab ឬ Tecentriq ជាធម្មតាត្រូវបានផ្តល់ឱ្យអ្នកជំងឺដោយការបញ្ចូលទៅក្នុងសរសៃឈាម ដែលជារឿយៗអាចចំណាយពេលប្រហែល ៣០នាទី ឬរហូតដល់ ១ម៉ោង សម្រាប់អ្នកជំងឺមួយចំនួន នៅពេលដែលថ្នាំពិបាកក្នុងការចូលទៅសរសៃឈាមវ៉ែន។ ថ្នាំដែលផលិតដោយក្រុមហ៊ុន Genentech មួយនេះ គឺជាថ្នាំប្រភេទ immunotherapy ដែលជួយឱ្យភាពស៊ាំរបស់អ្នកជំងឺអាចធ្វើការស្វែងរក និងបំផ្លាញកោសិកាមហារីក។ វាកំពុងត្រូវបានផ្តល់ជូនដោយ NHS សម្រាប់អ្នកជំងឺមហារីកជាច្រើនរួមមាន៖ សួត សុដន់ ថ្លើម និងប្លោកនោមជាដើម។

ដូច្នេះហើយ NHS រំពឹងថា ភាគច្រើននៃអ្នកជំងឺមហារីកប្រមាណ ៣,៦០០ នាក់ របស់ពួកគេ នឹងអាចចាប់ផ្តើមការព្យាបាលដោយ Atezolizumab ទម្រង់ថ្មីជារៀងរាល់ឆ្នាំនៅក្នុងប្រទេសអង់គ្លេស ដើម្បីសន្សំពេលវេលានៃការព្យាបាល។ ប៉ុន្តែ NHS បានបន្ថែមថា អ្នកជំងឺដែលព្យាបាលដោយប្រើគីមីតាមសរសៃឈាម រួមផ្សំការប្រើថ្នាំ Atezolizumab ទម្រង់បច្ចុប្បន្ន នឹងនៅបន្តការព្យាបាលតាមបែបចាក់បញ្ចូលឈាម transfusion ដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: