ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ស្រាវជ្រាវឃើញបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់ បានលួចបើកក្បាលទុយោទឹកឱ្យទឹកហូរចេញពីក្នុងអគារ និងប៉ូលិសមួយរូបជាអ្នកថតវីដេអូ

BY
Khmernote Media
August 31, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនព័ត៌មាន ឱ្យបានជ្រាបថា ដោយមានការផ្សព្វផ្សាយតាមបណ្ដាញសង្គមករណីទឹកហូរនៅជាន់ទី៥ នៃអគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ វេលាម៉ោង១១៖០០នាទី នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ ម្សិលមិញនេះ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្រោយហេតុការណ៍កើតឡើង គណៈកម្មការសាងសង់អគារ បានចាត់វិធានការភ្លាមៗ និងគ្រប់គ្រងបានទាន់ពេលវេលាមិនបណ្តាល ឱ្យមានហានិភ័យអ្វីនោះឡើយ។ លើសពីនេះ ក្រោយពីបើកការស្រាវជ្រាវ គណៈកម្មការសាងសង់អគារ បានរកឃើញថា មានបុគ្គលមិនស្គាល់អត្តសញ្ញាណម្នាក់បានឆ្លៀតឱកាសនៅចុងម៉ោងធ្វើការលបបើកក្បាលទុយោទឹកសម្រាប់ សង្គ្រោះបន្ទាន់ករណីមានអគ្គិភ័យ ធ្វើឱ្យទឹកហូរចេញមក។

ទន្ទឹមនេះ គណៈកម្មការសាងសង់អគារ ក៏បានរកឃើញមន្ត្រីនគរបាលថ្នាក់អនុសេនីយ៍ឯកម្នាក់ ជាអ្នកថតវីដេអូសកម្មភាព ប៉ុន្តែពុំទាន់ដឹងថា តើបុគ្គលណាជាអ្នកទម្លាយវីដេអូចេញទៅខាងក្រៅនៅឡើយ។ តាមសេចក្តីសន្និដ្ឋានរបស់គណៈកម្មការសាងសង់អគារ បញ្ជាក់ថា ករណីនេះ ពុំមែនបណ្ដាល មកពីលក្ខណៈបច្ចេកទេសសំណង់នោះឡើយ គឺអាចជាចេតនាទុច្ចរិតរបស់បុគ្គល ដែលមិនសប្បាយចិត្ត នឹងសមិទ្ធផលដ៏ល្អវិចិត្រផូរផង់ក្រោមការគ្រប់គ្រងចាត់ចែងរបស់គណៈកម្មការសាងសង់អគារថ្មីនេះ ក្នុងបំណងមិនល្អធ្វើឱ្យប៉ះពាល់កិត្តិយសរបស់គណៈកម្មការសាងសង់អគារ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបញ្ជាក់ជូនផងដែរថា ទោះបីកាមេរ៉ាសុវត្ថិភាពពុំទាន់បំពាក់ រួចរាល់គ្រប់ជ្រុងនៅឡើយ ក៏គណៈកម្មការសាងសង់អគារ បានកំពុងបន្តនីតិវិធីស្រាវជ្រាវរកអត្តសញ្ញណ បុគ្គល ដែលលបលួចបើកក្បាលទុយោទឹក និងបុគ្គលដែលទម្លាយវីដេអូចេញទៅខាងក្រៅ ដើម្បីចាត់ការ តាមច្បាប់និងអនុវត្តវិន័យតាមលក្ខន្តិកៈមន្ត្រីនគរបាលជាតិ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមថ្លែងអំណរគុណចំពោះបណ្ដាអង្គភាពសារព័ត៌មាន និង សាធារណជនគ្រប់មជ្ឈដ្ឋាន ដែលតែងតែសហការគាំទ្រ និងតាមដានយ៉ាងយកចិត្តទុកដាក់រាល់ កិច្ចការរបស់ក្រសួងមហាផ្ទៃ៕

Share This Post: