ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស
យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រ សហគ្រាស ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករនិយោជិត បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថា រាជរដ្ឋាភិបាល នឹងបង្កើនការបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅតាមគោលដៅរោងចក្រសហគ្រាស គ្រឹះស្ថានរដ្ឋ និងឯកជន ឱ្យបានច្រើនបន្ថែមទៀត ដើម្បីជួយសម្រួលដល់មាតាក្នុងការបំបៅដោះកូនដោយទឹកដោះម្តាយឱ្យបានពេលលេញ ដោយសារតែទឹកដោះម្តាយ គឺជាវ៉ាក់សាំងដំបូងសម្រាប់ទារក ដែលផ្តល់នូវការការពារដ៏សំខាន់ ទប់ទល់នឹងជំងឺធ្ងន់ធ្ងរជាច្រើន និងជួយឱ្យទារកអាចបន្តទទួលបានសារជាតិចិញ្ចឹមគ្រប់គ្រាន់ និងមានសុខភាពមាំមួន ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ នៅក្នុងកម្មវិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជាង១៨០០០នាក់ មកពីរោងចក្រ សហគ្រាសនានានៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ។
ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតបានបន្ថែមថា ចំពោះការណែនាំឱ្យបន្តបង្កើតទារកដ្ឋាន និងមតេ្តយ្យសិក្សាសហគមន៍ នៅក្បែររោងចក្រសហគ្រាសនេះ គឺជាការគិតគូរពី អត្ថប្រយោជន៍ការងារ ក្នុងរយៈពេលវែង លើកកម្ពស់អត្រាចូលសិក្សារបស់កុមារ ហើយមិនត្រឹមតែបង្កើនចំណេះដឹងដល់ក្មេងៗដែលត្រៀម ខ្លួនចូលរៀនសាលាបឋមសិក្សាប៉ុណ្ណោះទេ តែថែមទាំងសម្រួលបន្ទុកអាណាព្យាបាលក្នុងការមើលថែកូនៗ បានមួយកម្រិតថែមទៀត ។ ជាពិសេស បានផ្តល់ប្រយោជន៍ជាច្រើន ដល់ស្រី្តនិងកុមារ ដើម្បីជំរុញឱ្យមានកំណើននៃការបំបៅកូនដោយទឹកដោះម្ដាយ ។
« ត្រូវរៀបចំយន្តការគិតគូរអំពីក្មួយៗកើតមក ម្តាយប្រាកដជាមិនឈប់បីឆ្នាំពីរឆ្នាំទម្រាំកូនធំ ភាគ ច្រើនគឺនៅបន្តដើម្បីយកចំណូលបន្ថែមទៀត ។ រាជរដ្ឋាភិបាលបានគិតគូរជាជំហាននឹងបន្តជំរុញគិតគូរ ដាក់ឲ្យអនុវត្តជាបណ្តើរៗនូវការ រៀបចំនូវទារកដ្ឋាននិងមត្តេយ្យសហគមន៍នៅជិតកន្លែងណាដែលមានតំបន់រោងចក្រ ដើម្បីជួយដល់បងប្អូនរបស់យើង ហើយការគិតគូរពីការថែបំប៉នអាហាររូបត្ថម្ភដល់ម្តាយ នៅក្នុងកន្លែងធ្វើការ ធ្វើយ៉ាង ម៉េចឲ្យបរិស្ថានឬអាហារដ្ឋានបានស្អាតល្អ សុខភាពល្អគឺពាក់ព័ន្ធដល់កូនដែរ » ។
សូមបញ្ជាក់ថា បច្ចុប្បន្នកុមារត្រូវបានចាត់ទុកជាវ័យអាទិភាពមួយ សម្រាប់អនាគតនៃប្រទេសជាតិ និងសង្គម ដែលគេកំពុងរស់នៅ ហើយការអភិវឌ្ឍកុមារឱ្យរីកចម្រើន គឺជារឿងមួយដែលសំខាន់ជាងគេ ទាំងផ្នែកស្មារតី រាងកាយ និងបញ្ញា ៕


ប្រភព៖ ក្រសួងព័ត៌មាន