ស្នងការខេត្តតាកែវ កំពុងស្រាវជ្រាវរកជនបង្ក ៤នាក់ យកដុំថ្មគប់កញ្ចក់រថយន្ត បណ្ដាលឱ្យបែកកញ្ចក់មុខ ត្រូវបុរសម្នាក់រងរបួស ស្ថិតនៅផ្លូវជាតិលេខ៣
- September 2, 2023
ខេត្តតាកែវ៖ នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមជម្រាបជូនសាធារណៈជន ដែលនិយមតាមដានព័ត៌មានលើបណ្តាញសង្គម អំពីការផ្សព្វផ្សាយព័ត៌មាន ករណីគប់កញ្ចក់រថយន្ត របស់គណនីហ្វេសប៊ុក ហ៊ាសុង កំពង់ចាម នៅលើផ្លូវជាតិលេខ៣ នាយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣។

សូមបញ្ជាក់ជូនថា ករណីខាងលើ កើតឡើងនៅវេលាម៉ោង១៩ និង៥០នាទី យប់ថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៣ លើបណ្តោយផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រភូមិព្រៃញឹក ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ បង្កឡើងដោយជនល្មើសមិនស្គាល់អត្តសញ្ញាណ មានគ្នា៤នាក់ ម៉ូតូ២គ្រឿង បើកបរមកពីទិសខាងជើងមកត្បូង បានធ្វើសកម្មភាពគប់ដុំថ្ម ទៅលើរថយន្តជនរងគ្រោះម៉ាកហីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-9147 បើកបរមកពីទិសខាងត្បូងទៅជើង បណ្តាលឱ្យត្រូវត្រង់កញ្ចក់មុខ និងត្រូវអ្នកបើរបរឈ្មោះ សុខ ពៅ ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិឈ្មួញ សង្កាត់ដង្កោរ ខណ្ឌសែនសុខ រាជធានីភ្នំពេញ រងរបួសត្រង់ចិញ្ចើមខាងឆ្វេង ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ បន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកសំរោង រួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលខ្វាវ បានចុះដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីប្រមូលព័ត៌មាន និងបានសហការជាមួយបណ្តាប៉ុស្តិ៍រដ្ឋបាលពាក់ព័ន្ធទាំងខេត្តកំពង់ស្ពឺ និងតាកែវ នៅតាមបណ្តោយផ្លូវជាតិលេខ៣ តែដោយសារទីតាំងកើតហេតុពុំមានកាមេរ៉ាសុវត្ថិភាព ទើបមិនទាន់អាចកំណត់មុខសញ្ញាណជនបង្កបាន។
នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ បានបញ្ជាកម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកសំរោង ស្រុកត្រាំកក់ ស្រុកបាទី និងកម្លាំងប៉ុស្តិ៍នគរបាលពាក់ព័ន្ធតាមបណ្តោយផ្លូវជាតិលេខ៣ ដើម្បីប្រមូលព័ត៌មាន ស្វែងរកជនបង្ក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សូមថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គមFacebook ដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ (តាមរយៈ messenger , Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥)របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាប ព្រមទាំងដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ពេលវេលា និងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហាអវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជាពលរដ្ឋទូទៅ និងទទួលយកនូវការរិះគន់ ក្នុងន័យស្ថាបនាដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕




ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តតាកែវ – Police Commissariat Of Takeo Province.
- Share This Post:






