ការគេងមិនលក់ស្កប់ស្កល់អាចបង្កើនហានិភ័យជំងឺប្រភេទនេះ ទោះបីជាអ្នកគេង ៨ម៉ោង ក៏ដោយ
ពាក្យមួយនិយាយថា ការគេងគ្រប់គ្រាន់បាន ៨ម៉ោង នឹងធ្វើឱ្យលោកអ្នកជៀសឆ្ងាយពីជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។ ប៉ុន្តែយោងតាមការស្រាវជ្រាវថ្មីនៃមជ្ឈមណ្ឌលវេជ្ជសាស្ត្រសាកលវិទ្យាល័យរីឆេស្តឺ (URMC) បានឱ្យដឹងថា គ្រាន់តែគេងឱ្យបាន ៨ម៉ោង ឬច្រើនជាង នឹងមិនអាចឱ្យលោកអ្នកមានសុខភាពល្អនោះឡើយ។ អ្វីដែលធ្វើឱ្យអ្នកជៀសឆ្ងាយពីជំងឺគឺ គុណភាពនៃការគេង ឬការគេងលក់ឱ្យបានលក់ស្កប់ស្កល់។ ការស្រាវជ្រាវនេះក៏បានបញ្ជាក់ផងដែរថា គុណភាពនៃការគេងគឺមានការទាក់ទិននឹងការចាប់ផ្តើម ជំងឺភ្លេចភ្លាំង និង អាល់ហ្សៃមឺរ ។
ជាក់ស្ដែងការរសិក្សាកាលពី ឆ្នាំ២០១២ បានឱ្យដឹងថា ការគេងគឺពិតជាសំខាន់ដល់ការដកចេញនូវសារធាតុមិនល្អ (waste) ចេញពីក្នុងខ្លួនរបស់យើង។ ការសិក្សាក៏បានបន្ថែមថា ប្រព័ន្ធដំណើរការជាចំបងរបស់រាងកាយយើងធ្វើការបានល្អនៅពេលដែលយើងគេងលក់ស្រួល។ ថ្វីបើនៅពេលយើងកាន់តែចាស់ យើងនឹងកាន់តែពិបាកក្នុងការទទួលបាននូវការគេងស្កប់ស្កល់ក៏ដោយ ការស្រាវជ្រាវនេះបានជំរុញ និងពង្រឹងនូវសារៈសំខាន់នៃការគេង ដើម្បីឱ្យមុខងារប្រព័ន្ធ glymphatic របស់យើងគ្រប់គ្នាធ្វើការបានល្អ៕
អត្ថបទ៖ លីដា
ប្រភព៖ dailymail