កិច្ចប្រជុំកំពូល ទី២ របស់លោក ដូណាល់ ត្រាំ – គីម ជុងអ៊ុន មិនបានឈានដល់ការព្រមព្រៀងអ្វីនោះទេ
មិនមានកិច្ចព្រមព្រៀងណាមួយរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន នៅក្នុងកិច្ចប្រជុំកំពូលរយៈពេលពីរថ្ងៃរបស់ពួកគេនៅទីក្រុងហាណូយនោះទេ។ លេខាសារព័ត៌មាននៅសេតវិមានអ្នកស្រី Sarah Sanders ក្នុងសេចក្តីថ្លែងការណ៍មួយបានឱ្យដឹងថា លោក ត្រាំ និងលោក គីម មាន «កិច្ចប្រជុំស្ថាបនា និងល្អមួយ»។
លោកស្រីបាននិយាយបន្ថែមថា មេដឹកនាំទាំងពីរបានពិភាក្សាពីវិធីជាច្រើន ដើម្បីជំរុញគំនិតស្តីអំពីការរំសាយអាវុធនុយក្លេអ៊ែរ និងគំនិតជំរុញសេដ្ឋកិច្ច។ គ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចនៅពេលនេះទេ ប៉ុន្តែក្រុមរបស់ពួកគេទន្ទឹងរង់ចាំជួបប្រជុំគ្នាម្តងទៀតនាពេលអនាគត” ។
លោក ត្រាំ និងលោក គីម បានចាកចេញពីទីកន្លែងនៃកិច្ចចរចារបស់ពួកគេ នៅសណ្ឋាគារម៉េត្រូភឺឡុង ដែលជាសណ្ឋាគារសម័យអាណានិគមបារាំង វេលាម៉ោង ១ និង ២៥នាទី រសៀល (ម៉ោងក្នុងស្រុក) ដោយមិនមានពិធីចុះហត្ថលេខាជាសាធារណៈក្រោយពីកិច្ចពិភាក្សាកាលពីព្រឹកមិញ។ អាហារថ្ងៃត្រង់ជុំគ្នារវាងមេដឹកនាំទាំង ២ បន្ទាប់ពីកិច្ចប្រជុំក៏ត្រូវបានលុបចោលភ្លាម។ យ៉ាងណាមិញពុំទាន់មានរបាយការណ៍ណាអាចបញ្ជាក់បានពីមូលហេតុនេះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia