រម្លឹករឿងចាប់នាយនគរបាលប៉ុស្តិ៍សំព្រោជ ដែលធ្លាប់ប្រព្រឹត្តបទឧក្រិដ្ឋ ករណីវាយបំបែកទូមាសប្ល.ន់យកគ្រឿងអលង្ការ នៅផ្សារស្ទោង
- September 10, 2023
ខេត្តកំពង់ធំ៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានរម្លឹករឿងចាប់នាយនគរបាលប៉ុស្តិ៍សំព្រោជ លោក ហុង សារ៉ុម កាលពីពេលកន្លងទៅ បានឱ្យដឹងថា តាមរយៈប្រតិបត្ដិការ យ៉ាងយកចិត្ដទុកដាក់ តាំងពីមានករណី វាយបំបែកទូមាសប្លន់ យកគ្រឿងអលង្ការ នៅផ្សារស្ទោង ទីរួមស្រុកស្ទោង ខេត្ដកំពង់ធំ មកនោះទីបំផុតកម្លាំងនគរបាល ខេត្ដកំពង់ធំ សហការជាមួយ សមត្ថកិច្ចពាក់ព័ន្ធ បានឈានទៅដល់ការបង្ក្រាបនិងចាប់ខ្លួន ជនសង្ស័យពីរនាក់ ដែលពាក់ព័ន្ធទៅនឹងអំពើប្លន់មួយនេះ។

ស្នងការនគរបាលខេត្ដកំពង់ធំ លោកឧត្ដមសេនីយ៍ ជូ សំអាន បានបញ្ជាក់ថា ជនសង្ស័យពីរនាក់ ព្រមទាំងវត្ថុតាង ទាំងម៉ូតូ ទាំងកាំភ្លើង ត្រូវបានដកហូត ក្រោយពីធ្វើការស្រាវជ្រាវអស់រយៈពេលប៉ុន្មានថ្ងៃមកនោះ ជុំវិញករណីប្លន់ទូមាសនៅផ្សារស្ទោង កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៥ កន្លងទៅ។
លោកឧត្ដមសេនីយ៍ ស្នងការបានបញ្ជាក់ថា ប្រតិបត្ដិការបង្ក្រាប ចោរប្លន់ទាំងនេះ បានធ្វើឡើង ដោយមានការ បញ្ជានិងណែនាំ ដោយផ្ទាល់ពី សំណាក់អគ្គស្នងការ នគរបាលជាតិ នាយឧត្ដមសេនីយ៍ នេត សាវឿន អគ្គស្នងការរង ទទួលផែនព្រហ្មទណ្ឌ លោកឧត្ដមសេនីយ៍ កង សាខន និងប្រធាននាយកដ្ឋាន កណ្ដាលនគរបាលយុត្ដិធម៌។
តាមរបាយការណ៍របស់ នគរបាលព្រហ្ម ទណ្ឌខេត្ដកំពង់ធំ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ ហុង សារ៉ុម អាយុ៤០ឆ្នាំ រស់នៅ ភូមិត្នោតជុំទី២ ឃុំត្នោតជុំ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ ចាប់ខ្លួនកាលពី ថ្ងៃទី១៣ ខែមីនា និងជនសង្ស័យ ទី២ឈ្មោះ មាន រ៉េន អាយុ៤៧ឆ្នាំ រស់នៅភូមិ ត្នោតជុំទី២ ឃុំត្នោតជុំ ឃាត់ខ្លួនកាលពី ថ្ងៃទី១៨ ខែមីនា កន្លងទៅ។
លោកឧត្ដមសេនីយ៍ ស្នងការបានបញ្ជាក់ ទៀតថា ក្រោយពីការឃាត់ខ្លួន ជនសង្ស័យទាំងនេះ យើងបានបន្ដអង្កេត ស្រាវជ្រាវ រហូតដល់ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៥ កម្លាំងបានដកហូត ម៉ូតូ៣គ្រឿង ក្នុងនោះមួយគ្រឿង ជារបស់ ជនរងគ្រោះ និងពីរគ្រឿងទៀត ដែលពួកវាប្រើ ជាមធ្យោបាយធ្វើ សកម្មភាពប្លន់។
បន្ទាប់មកនៅ ថ្ងៃទី២១ ខែមីនា សមត្ថកិច្ចបានបង្ក្រាប ករណីមួយទៀត ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ ស្ងួត ក្រឹម អាយុ១៩ឆ្នាំ រស់នៅភូមិជាំស្នាយ ឃុំទីពោធិ៍ ស្រុកសន្ទុក ខេត្ដកំពង់ធំ ពាក់ព័ន្ធ ទៅនឹងសកម្មភាព លួចម៉ូតូ របស់ប្រជាពលរដ្ឋ នៅចំណុចទឹកវិល ក្នុងឃុំទីពោធិ៍ ហើយជននេះ បម្រុងធ្វើសកម្មភាព ប្លន់ប្រដាប់ អាវុធផងដែរ។
ជាលទ្ធផលសមត្ថកិច្ច បានដកហូត វត្ថុតាងម៉ូតូ ចំនួន១គ្រឿង អាវុធធុន AR15 មួយដើម បង់ពីរ គ្រាប់៥៦គ្រាប់ គ្រាប់K54 ៦គ្រាប់ និងកែវយិត មួយគ្រឿង ។ សូមបញ្ជាក់ថា ករណីប្លន់ទូមាស នៅផ្សារស្ទោង ខេត្ដកំពង់ធំ ក្រុមចោរបានយកអស់ជាង១៥០តម្លឹង និងម៉ូតូមួយគ្រឿង ព្រមទាំងលុយកាក់មួយចំនួនផងដែរ ៕


ប្រភព៖ លោក Sorn Sopheak-ស៊ន សុភក្រ្ត
- Share This Post:






