ក្រុម«ទីទុយរាត្រីចរ»ចំនួន ៤៦នាក់ ប្រមូលផ្តុំជាក្រុមពាក់ពពូនគ្នាយ៉ាងអនាធិបតេយ្យក្នុងក្រុងបាត់ដំបង ត្រូវបាននាំខ្លួនមកសម្រាន្តនៅបរិវេណស្នងការដ្ឋាន
- September 10, 2023
ខេត្តបាត់ដំបង៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងថា យុវជនប្រុស ស្រីចំនួន ៤៦នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនាំមកសម្រាន្តពេញមួយរាត្រីនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីក្រុមទីទុយរាត្រីចរ ប្រមូលផ្តុំគ្នាជាក្រុមយាត្រាយ៉ាងអនាធិបតេយ្យ ពពាក់ពពូននៅក្នុងក្រុងបាត់ដំបង។
កិច្ចប្រតិបត្តិការដ៏កក្រើករាត្រីនេះធ្វើឡើងក្រោមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បន្ទាប់ពីលោកបានចេញបញ្ជាយ៉ាងហ្មឹងម៉ាត់កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះនិង ដោយមានការសម្របសម្រួលលើនីតិវិធីពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ។
នាវេលាយប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០២និង៣៧នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយក្នុងនោះសមត្ថកិច្ចផែនការងារនគរបាលព្រហ្មទ័ណ្ឌ ដែលមានលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ជាស្នងការរងទទួលផែន ក្នុងនោះលោកវរសេនីយឯក ឈឿង គឹមសុង ស្នងការរងដឹកនាំការិយាល័យនគរបាលព្រហ្មទ័ណ្ឌកម្រិតស្រាល មានលោកវរសេនីយ៍ឯក ចៀក ផានិន ជានាយការិយាល័យដឹកនាំកម្លាំងសហការជាមួយកម្លាំងនគរបាលក្រុងបាត់ដំបងដែលមានលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន ជាអធិការ ចុះប្រតិបត្តិការបង្ក្រាបករណី ក្មេងទំនើង ប្រមូលផ្ដុំ បង្កភាពអនាធិបតេយ្យ ០១ ករណី និងបានធ្វើការនាំខ្លួនប្អូនៗទាំងនោះចំនួន៤៦ នាក់ មកកាន់ស្នងការដ្ឋានដើម្បីសាកសួរ ខណៈដែលក្មេងៗទាំងនេះ ប្រមូលផ្តុំគ្នាយ៉ាងពពាក់ពពូនតាមទីសាធារណៈ។
ពេលនាំខ្លួនពួកគាត់ឱ្យមកសម្រាកនៅបរិវេណស្នងការដ្ឋាននិងសាកសួរ ក្នុងចំណោមប្អូនៗទាំងនោះ មានខ្លះបើកបរក្នុងស្ថានភាពស្រវឹង ខ្លះទៀតជិះម៉ូតូ រកសេវាប្រើប្រាស់គ្រឿងញៀន និង ខ្លះទៀតប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ នៅក្នុងក្រុងបាត់ដំបង។ ក្រោយការសាកសួរសមត្ថកិច្ចបានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀនក្នុងនោះមាន ប្អូនៗចំនួន ១៥ នាក់ មានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ។
ចំពោះប្អូនៗដែលមានផ្ទុកសារធាតុញៀនសមត្ថកិច្ចនិងបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនចាត់ការបន្ត ចំណែកប្អូនៗដែលជិះម៉ូតូបង្កភាពអនាធិបតេយ្យ និង ខុសលក្ខណៈបច្ចេកទេស បានប្រគល់ឱ្យទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកចាត់ការបន្ត និង ប្អូនៗដែលមិនមានពាក់ព័ន្ធនិងបទល្មើសបានធ្វើការអប់រំឱ្យអាណាព្យាបាលមកធានាយកទៅលំនៅឋានវិញ ។
វត្ថុតាងដកហូតរួមមាន៖
– ម៉ូតូ ចំនួន ២២ គ្រឿង ។
បច្ចុប្បន្នការិយាល័យជំនាញកំពុងចាត់ការបន្តតាមនីតិវិធី ជាមួយនេះសមត្ថកិច្ចនៅតែបន្តអនុត្តវិធានការនេះឱ្យដូចជាភ្លៀងរលឹម ហើយសូមមាតា បិតា ក្រុមគ្រួសារ អ្នកអាណាព្យាបាល យកចិត្តទុកដាក់អប់រំកូនចៅរបស់ខ្លួនកុំឱ្យមានបញ្ហាល្មើស ដែលនាំបង្កនូវការលំបាកទាំងផ្ទាល់ខ្លួនក្រុមគ្រួសារនិងសង្គមជាតិ៕



- Share This Post:






