ជនបរទេសម្នាក់ ចូលបន្លំលួចទ្រព្យសម្បត្តិ នៅផ្ទះវីងវេរលុយ អស់ទឹកប្រាក់ចំនួន ៥០០ដុល្លារ ក្នុងសង្កាត់បឹងកក់ទី២ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
- September 12, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២៖២០នាទីរសៀល កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់ទី២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលសកម្មភាពបន្លំលួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ នៅផ្ទះវីងវេរលុយអស់ទឹកប្រាក់ចំនួន ៥០០ដុល្លារ (ប្រាំរយដុល្លារអាមេរិច) នៅចំណុចលើដងផ្លូវលេខ៦១៤ កែងផ្លូវលេខ២៨៩ ក្រុមទី៧៤ ភូមិ១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចកន្លែងវីងវេរលុយ ស្ថិតនៅលេខ៣ BC ផ្លូវលេខ៦១៤ ក្រុមទី៨៩ ភូមិ១៩ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣។

ជនសង្ស័យឈ្មោះ PAHANGEH MORTEZA ភេទប្រុស ជនជាតិអឺរ៉ង់ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបណ្ដោះអាសន្ន GOLDEN RESIDENCE ម្ដុំផ្សាររាត្រី សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។ វត្ថុតាងចាប់យក៖ កាបូបស្ពាយពណ៌ខ្មៅ ចំនួន០១ ក្នុងកាបូបមានប័ណ្ណបើកបររថយន្ត មួយច្បាប់, ទូរស័ព្ទដៃម៉ាក VIVO ពណ៌ខ្មៅ, លុយខ្មែរ ចំនួន ១០,០០០,០០០៛ (ដប់លានរៀល) , លុយដុល្លារ ចំនួន៣៥៤០ដុល្លារ (បីពាន់ប្រាំរយសែសិបដុល្លារសហរដ្ឋអាមេរិច), លុយឥណ្ឌូនេស៊ី ចំនួន៣៥៥រៀល និងលុយសាំងហ្គាពួរ ២ដុល្លារ ជារបស់ជនសង្ស័យ។
ក្រោយកើតហេតុសមត្ថកិច្ច បានធ្វើការប្រគល់លុយចំនួន ៥០០ដុល្លារ ជូនជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនីតិវិធី៕


- Share This Post:






