ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អ្នកមានវ័យលើសពី ៥០ឆ្នាំ ហាក់ទទួលហានិភ័យសុខភាពពីការផឹកស្រាតិចជាងមនុស្សវ័យក្មេង

    BY autoadmin March 1, 2019
    អ្នកមានវ័យលើសពី ៥០ឆ្នាំ ហាក់ទទួលហានិភ័យសុខភាពពីការផឹកស្រាតិចជាងមនុស្សវ័យក្មេង

    ការសិក្សាថ្មីមួយបានពិនិត្យលើផលប៉ះពាល់សុខភាពនៃការផឹកស្រាទៅតាមអាយុខុសៗគ្នា។ ដោយអ្នកស្រាវជ្រាវបានសរុបសេចក្តីថា ចំពោះមនុស្សដែលមានអាយុលើសពី ៥០ឆ្នាំ ហានិភ័យនៃសុខភាពអាចនឹងមិនសូវធ្ងន់ធ្ងរ ដូចមនុស្សដែលមានវ័យក្រោម ៥០ឆ្នាំ នោះទេ។ ជាក់ស្តែងដូចយើងបានដឹងមកហើយថា ការផឹកស្រាច្រើនត្រូវបានផ្សារភ្ជាប់ទៅនឹងផលវិបាកនៃសុខភាពធ្ងន់ធ្ងរជាច្រើនដូចជា៖ មហារីក ជំងឺថ្លើម ជំងឺបេះដូង និងការខូចខាតដល់ប្រព័ន្ធសរសៃប្រសាទខួរក្បាល -ល-។

    ការសិក្សាបានឱ្យដឹងថា ជាការពិតប្រសិនបើអ្នកផឹកស្រាច្រើន មិនថាអ្នកស្ថិតក្នុងវ័យណាទេវានឹងបង្កហានិភ័យខ្ពស់ដល់អ្នក ប៉ុន្តែប្រសិនបើអ្នកផឹកនៅក្នុងបរិមាណសមរម្យ វានឹងនាំផលល្អដល់អ្នកវិញ។ ប៉ុន្តែការរកឃើញថ្មីនេះបានសង្កត់ធ្ងន់ថា មនុស្សវ័យលើសពី ៥០ឆ្នាំ ទទួលបានផលប្រយោជន៍ពីការផឹកស្រាក្នុងបរិមាណសមរម្យច្រើនជាមនុស្សដែលមានវ័យក្រោម ៥០ឆ្នាំ។ ការស្រាវជ្រាវបានធ្វើតេស្តទៅលើក្រុមមនុស្ស ២ក្រុម ហើយលទ្ធផលបានបង្ហាញថា ក្រុមដែលមានអាយុក្រោម ៥០ឆ្នាំ មានហានិភ័យពីការស្លាប់ដោយសារផឹកស្រាដល់ទៅ ៣៥.៨% ខណៈដែលមានតែ ៤.៥% អាចទទួលបានផលវិជ្ជមានពីការផឹកស្រា។

    ចំណែកក្រុមដែលមានអាយុលើសពី ៥០ឆ្នាំ ថ្វីបើអត្រាស្លាប់របស់ពួកគេគឺដូចនឹងក្រុមអាយុក្រោម ៥០ឆ្នាំ ប៉ុន្តែវាធ្វើឱ្យអ្នកស្រាវជ្រាវមានការភ្ញាក់ផ្អើលជាខ្លាំងដោយ ៨០ភាគរយ នៃក្រុមនេះទទួលបានផលវិជ្ជមានពីការផឹកស្រាក្នុងបរិមាណត្រឹមត្រូវទៅវិញ។ ក្រុមស្រាវជ្រាវក៏បានរកមើលអត្រាស្លាប់ជារៀងរាល់ឆ្នាំដោយសារភាពស្រវឹងនេះផងដែរ ហើយពួកគេបានរកឃើញថា មនុស្សវ័យក្រោម ៥០ឆ្នាំ មានអត្រាស្លាប់ ៥៨.៤% ខណៈមនុស្សវ័យលើសពី ៥០ឆ្នាំ មានអត្រាស្លាប់តែ ១៤.៥% ប៉ុណ្ណោះ។ សរុបមកវិញថ្វីបើការផឹកស្រាច្រើនគឺមិនល្អសម្រាប់សុខភាព ប៉ុន្តែមនុស្សវ័យលើសពី ៥០ឆ្នាំ ទទួលបានផលប្រយោជន៍ពីការផឹកស្រាសមល្មមរបស់ពួកគេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ medicalnewstoday

    Share This Post: