ព័ត៌មានជាតិ

ត្រៀមៗ! ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត «សមរាត្រី» នឹងកើតមានឡើងនៅថ្ងៃទី២១-២៣ ខែកញ្ញានេះ

BY
Khmernote Media
September 14, 2023

ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ឬសមរាត្រី «Equinox Angkor Wat» គឺជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំ។ ដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញានេះ។

យោងតាមការឱ្យដឹងពីអ្នកប្រវត្តិសាស្ត្រ បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះមានទំនាក់ទំនងជាមួយនិងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរផងដែរ។ ចំពោះបងប្អូនដែលស្រលាញ់ចូលចិត្តការថតរូបត្រៀម កាម៉េរ៉ា ដើម្បីផ្តិតយករូបភាពដ៏អស្ចារ្យពីព្រឹត្តិការណ៍មួយនេះ ចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២៣ខាងមុខនេះ។

សូមជម្រាបជូនថា សមរាត្រី គឺជាពេលវេលារវាងពេលថ្ងៃ និងពេលយប់ ឲ្យមានរយៈពេលស្មើគ្នា ដោយខុសពីខែធម្មតាខ្លះ រយៈពេលយប់វែងជាងពេលថ្ងៃ ឬក៏រយៈពេលថ្ងៃ វែងជាងយប់នោះ គឺជាព្រឹត្តិការណ៍ទូទៅរបស់ផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ក៏ប៉ុន្តែសម្រាប់ប្រាសាទអង្គរវត្ត ដែលមានព្រឹត្តិការណ៍សមរាត្រីកើតឡើងនេះ មិនមែនជារឿងចៃដន្យទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេច ដោយបំណងតម្រូវតាមបាតុភូតធម្មជាតិឲ្យប្រាសាទ អង្គរវត្តបង្កើតជាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាលនៃប្រាសាទអង្គរវត្តនេះឡើង។

ការរៀបចំរបស់បុព្វបុរសខ្មែរ តម្រូវតាមបាតុភូតធម្មជាតិ ឲ្យព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល នៃប្រាសាទអង្គរវត្តនេះទៅបាន គឺត្រូវគិតគូរតាំងពីរឿងស្ថាបត្យកម្ម ការរៀបចំដីធ្លីការគន់គូរតាមគណិតវិទ្យាការគិតគូរពីដំណើរតារាសាស្ត្រ ព្រមទាំងរួមផ្សំជាមួយជំនឿផង ដែលអាចនិយាយបានថា ព្រឹត្តិការណ៍ពិសេសថ្ងៃរះចំកណ្ដាលនៃកំពូលប្រាសាទអង្គរវត្ត ប្រហែលជាអច្ឆរិយនេះ កើតមានតែនៅលើប្រាសាទអង្គរវត្តនៃប្រទេសកម្ពុជាតែប៉ុណ្ណោះ ចំណែកឯសំណង់បុរាណជាច្រើននៅលើប្រទេសដទៃទៀតក្នុងពិភពលោក គឺមិនអាចរៀបចំដូច្នេះបានទេ៕

ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

Share This Post: