ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាម បំបែកកំណត់ត្រាថ្មីសម្រាប់ ២ខែ ដំបូងនៃ ឆ្នាំ២០១៩
ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំថ្មី ២០១៩ ភ្ញៀវទេសចរបរទេសមកកាន់ប្រទេសវៀតណាមត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៣.១លាននាក់ ពោលគឺកើនឡើង ៨ភាគរយ ពីឆ្នាំមុន។ ការិយាល័យស្ថិតិទូទៅបានឱ្យដឹងថា ភ្ញៀវទេសចរដែលធ្វើដំណើរទៅប្រទេសវៀតណាមតាមរយៈផ្លូវអាកាស និងផ្លូវរថភ្លើង បានកើនឡើង ៥.៥ភាគរយ ធៀបនឹងឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយការមកដល់ប្រទេសវៀតណាមតាមផ្លូវសមុទ្រក្នុងរយៈពេល ២ខែនេះ បានធ្លាក់ចុះ ៤០.៧ភាគរយ ដែលស្មើនឹង ៥៤,៩០០នាក់ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរអាស៊ីបានកើនឡើងចំនួន ២.៣លាននាក់ ដែលស្មើនឹង ៧៥.២ភាគ នៃចំនួនភ្ញៀវទេសចរសរុប ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ ពោលគឺកើនឡើង ៩.៤ភាគរយ ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។
អ្នកទេសចរមកពីចិនដីគោកមានចំនួន ៨៨៩,៩០០នាក់ ដែលជាចំនួនភ្ញៀវទេសចរបរទេសច្រើនបំផុតមកកាន់ប្រទេសវៀតណាម ប៉ុន្តែតួលេខនេះបានធ្លាក់ចុះ ១.៣ភាគរយ ក្នុងសន្ទស្សន៍ប្រចាំឆ្នាំ។ ទន្ទឹមនឹងនេះដែរភ្ញៀវទេសចរមកពីកូរ៉េខាងត្បូងបានកើនឡើង ២៤.៦ភាគរយ ពោលគឺ ៧៧២,២០០នាក់។ ទេសចរពីជប៉ុនមានចំនួន ៩.៥ភាគរយ ពោលគឺ ១៥០,៨០០នាក់។ ពីតៃវ៉ាន់មានចំនួន ២៧.១ភាគរយ ពោលគឺ ១៤១,០០០នាក់។ ពីប្រទេសម៉ាឡេស៊ីមាន ៥.៣ភាគរយ ពោលគឺ ៩១,៥០០នាក់ និងពីប្រទេសថៃ ៣៦.៩ភាគរយ ពោលគឺ ៨០,០០០នាក់។
ការមកដល់របស់ទេសចរជនជាតិអ៊ឺរ៉ុបត្រូវបានគេប៉ាន់ប្រមាណថា មានចំនួន ៤៦១,៥០០នាក់ ដែលកើនឡើង ៤.៦ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេល ២ខែដំបូង ដូចគ្នាកាលពីឆ្នាំមុន។ ភ្ញៀវទេសចរមកពីទ្វីបអាមេរិកមានចំនួន ២០៨,៦០០នាក់ កើនឡើង ៤.៦ភាគរយ និង ១៥៨,១០០នាក់មកពីសហរដ្ឋអាមេរិក ដែលកើនឡើង ៧ភាគរយ។ ប៉ុន្តែចំនួនអ្នកទស្សនាមកពីប្រទេសអូស្ត្រាលីបានធ្លាក់ចុះ ២ភាគរយ មកត្រឹម ៨៨,៥០០នាក់ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ ២០១៩ នេះ។

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider