ព័ត៌មានជាតិ

ប្រសិនមន្ត្រីពន្ធដារ កំណត់ពន្ធខុសអាចតវ៉ាមកអគ្គនាយដ្ឋានពន្ធ ខណៈដែលមិនសុខចិត្តអាចបន្តបណ្តឹង គណៈកម្មការវិវាទពន្ធដារ

BY
srey nuch
September 18, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម គង់ វិបុល រដ្ឋ មន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ប្រសិនមន្រ្តីពន្ធដារ កំណត់ពន្ធខុសអាចតវ៉ាមកអគ្គនាយដ្ឋានពន្ធ ខណៈដែលមិន សុខចិត្តអាចបន្តបណ្តឹងគណៈកម្ម ការវិវាទពន្ធដារ ដើម្បីធ្វើការដោះស្រាយ។

ក្នុងកម្មវិធីផ្សាយផ្ទាល់ពិសេស ស្តីពីការយល់ដឹងអំពីពន្ធដារ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនា យកដ្ឋានពន្ធដារ បានឱ្យដឹងថា បើមន្ត្រីពន្ធដារមានការកំណត់ពន្ធទៅរបស់ដែលជាប់ពន្ធនោះ មិនពេញ ចិត្ត មិនសប្បាយឬក៏មានអំណះអំណានភស្តុតាងថា មន្ត្រីកំណត់ពន្ធខុស គឺសូមធ្វើការតវ៉ាតាមយន្តការដែលមានស្រាប់ ដែលរាជរដ្ឋាភិ បាលកំណត់ គឺសូមសរសេរលិខិត តវ៉ាមក អគ្គនាយកពន្ធដារ។

ឯកឧត្តម បានបន្តថា ក្នុងករណីដែលអគ្គនាយកពន្ធដារពិនិត្យថា ការតវ៉ាមិនត្រឹមត្រូវ ដូច្នេះខាងអគ្គ នាយកពន្ធដារ ទាមទារឱ្យអ្នកបណ្តឹងនោះរកភស្តុតាងមកបន្ថែមទៀត ដើម្បីធ្វើការដោះស្រាយឱ្យមាន ប្រសិទ្ធភាព។ ឯកឧត្តម បានបន្តទៀតថា ក្នុងករណីដែលអ្នកបណ្តឹងនៅតែមិនអស់ចិត្ត គឺអាចបន្តបណ្តឹងទៅគណៈកម្មការវិវាទពន្ធដារ ដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាប្រធានគណៈកម្មការ ខណៈដែលនៅតែមិនអស់ចិត្តទៀតនោះ អាចបន្តបណ្តឹងនិតីវិធីតុលា ការបានផងដែរ។

«តែបើសិនជាអស់លោក អ្នកឧកញ៉ា អាជីវករទាំងអស់យល់ ឃើញថាទេ អគ្គនាយកកំណត់មិនត្រឹមត្រូវទេ សូមអញ្ជើញបណ្តឹងបន្តគណៈកម្មការវិវាទពន្ធដារដែលមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋ មន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោកជាប្រធានគណៈកម្មការហ្នឹងមើល បើគណៈកម្មការសម្រេចថា ពន្ធដារកំណត់ត្រូវ ហើយប្រសិនបើអស់លោកមិនឯកភាព ជាមួយគណៈកម្មការហ្នឹងអាចបណ្តឹងទៅតុលាការ អាហ្នឹងនិតិវិធីបណ្តឹងមានសម្រាប់ តែចំពោះពន្ធដារវិញថា គណៈកម្មការថាត្រឹមត្រូវហើយ តែពន្ធដារថា មិនត្រឹមត្រូវក៏ខ្ញុំគ្មានសិទ្ធិទៅតវ៉ាដែរ សុខចិត្តយកទៅតាមការសម្រេចរបស់គណៈកម្មការនោះហើយ ខ្ញុំអត់តវ៉ាទេ។ ព្រោះទី១ ពន្ធដារយល់ថាគណៈកម្មការ ជារដ្ឋមន្ត្រីក្រសួងហិរញ្ញាវត្ថុ មានការសម្រេចដោយថ្លឹងថ្លែងបំផុត អ៊ីចឹងយើងខ្ញុំអត់មានតវ៉ាទេ គឺសុខចិត្តយកតាមការសម្រេចរបស់គណៈកម្មការនោះ អ៊ីចឹងបើអស់លោកមិនឯកភាព សូមអញ្ជើញប្តឹងទៅរកខុសត្រូវនៅតុលាការ អាហ្នឹងគឺជាយន្តការមួយដែលក្នុងការបណ្តឹងតវ៉ានូវការ កំណត់ពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ»។

ឯកឧត្តម គង់ វិបុល ក៏បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ដែលនៅក្នុងអាជីវកម្ម សមាគមអាជីវកម្មក្តី ប្រសិនបើមានបញ្ហាពន្ធដារ សូមដោះស្រាយភ្លាម ខណៈដែលអគ្គ នាយកដ្ឋានពន្ធដារបើកទ្វារចំហក្នុងការដោះស្រាយភ្លាមៗ ហើយមិនចង់ឱ្យមានការលើកឡើងតាមតុកាហ្វេឬតុគុយទាវនោះទេ ដែលជាសញ្ញាមិនល្អ។ ឯកឧត្តម គង់ វិបុល បានបញ្ជាក់ថា ការធ្វើការរបស់អគ្គនាយកដ្ឋានពន្ធដារគឺមានក្រមវិជ្ជាជីវៈច្បាស់លាស់ត្រឹមត្រូវ ស្អាតស្អំ ជាគំរូមួយ ដែលធ្វើឱ្យមានជំនឿជឿទុកចិត្តពីមហាជន និងអ្នកជាប់ពន្ធផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: