ព័ត៌មានជាតិ

សត្វឆ្មាដាវញីមួយក្បាលទៀត គ្រោងដោះលែងបន្ថែមក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

BY
Liny Chan
September 19, 2023

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ គម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរា រដ្ឋបាលព្រៃឈើភ្នំពេញ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) បានដឹកជញ្ជូនសត្វឆ្មាដាវ(Leopard Cat) ញីមួយក្បាល ពីមជ្ឈមណ្ឌលសង្រ្គោះសត្វព្រៃភ្នំតាម៉ៅ យកមកផ្សាំងក្នុងទ្រុង ដែលក្រុមការងារគម្រោង មានគម្រោងដោះលែងចូលទៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គនៅពេលខាងមុខ។

តាមរយៈគម្រោងនេះដែរ កន្លងមកគម្រោងទទួលបានជោគជ័យក្នុងការដោះលែងសត្វព្រៃជាច្រើនប្រភេទចូលក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ មានដូចជា សត្វទោចមកុដ(Pileated gibbon) ចំនួន១៥ក្បាល(កើតកូនបានចំនួន៧ក្បាល) សត្វឈ្លូស(Red muntjac) ចំនួន៦ក្បាល សត្វស្វាព្រាម(Silvered langurs) ចំនួន១២ក្បាល សត្វសំពោចក្រអូប(Common palm civets) ចំនួន៧ក្បាល សត្វភេខ្លួនរលោង(Smooth-coated otter) ចំនួន៨ក្បាល(កើតកូនបានចំនួន៥ក្បាល) សត្វឆ្មាដាវ(Leopard Cat) ចំនួន២ក្បាល កេងកងតូច(Oriental Pied Hornbill) ចំនួន៧ក្បាល កេងកងធំ(Great Hornbill) ចំនួន៦ក្បាល ព្វាំង(Wreathed Hornbill) ចំនួន៧ក្បាល សត្វក្ងោក(Peafowl) ចំនួន៩ក្បាល សត្វអន្សង(Common Water Monitor) ចំនួន១ក្បាល និងសត្វផ្សេងៗមួយចំនួនទៀត ដែលមកដល់ឥឡូវសត្វទាំងអស់នេះនៅតែមានវត្តមាននៅទីនោះនៅឡើយ ក្រោមការយកចិត្តទុកដាក់តាមដាន និងថែទាំជាប្រចាំពីក្រុមការងារ។

ដើម្បីឲ្យសត្វព្រៃទាំងអស់បន្តវត្តមាននៅក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរយើង និងបង្កើនចំនួនបន្ថែមទៀត អាជ្ញាធរជាតិអប្សរា និងគម្រោងដោះលែងសត្វព្រៃក្នុងឧទ្យានអង្គរ សូមអំពាវនាវជូនសាធារណជន ភ្ញៀវជាតិ អន្តរជាតិ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅតំបន់នោះ ចូលរួមថែរក្សាសត្វព្រៃទាំងនោះទាំងអស់គ្នា ជៀសវាងពេលប្រទះឃើញមានបំណងមិនល្អ បញ្ឈប់ការដាក់អន្ទាក់សត្វគ្រប់ប្រភេទ និងមេត្តាកុំផ្តល់ចំណីឲ្យសត្វទាំងនោះ៕

ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

Share This Post: