សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យអនុគ្រោះតម្លៃអគ្គិសនីដល់រោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនទីតាំងនៅចុងឆ្នាំ២០២៣នេះ
នៅព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,១០៤នាក់ទៀត មកពីរោងចក្រ សហគ្រាសនានា ក្នុងស្រុកបាទី ខេត្តតាកែវ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបានណែនាំឱ្យមានការអនុគ្រោះតម្លៃអគ្គិសនីជូនទៅរោងចក្រ សហគ្រាសផ្នែកឧស្សាហកម្ម និងកសិកម្មជាង ២ម៉ឺនរោងចក្រ សហគ្រាសចុងឆ្នាំ២០២៣នេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កាលពីល្ងាចមិញ ខ្ញុំបានឱ្យឯកឧត្តម កែវ រតនៈ ពិនិត្យមើលលទ្ធភាព អាចសាកល្បងក្នុង ៣ខែនេះ ជាពិសេសចុងឆ្នាំនេះ យើងអាចពិនិត្យមើលនៅក្នុងអនុគ្រោះថ្លៃអគ្គិសនី កម្រិតណាមួយ ជាពិសេស បើមិនបានគ្រប់សហគ្រាសទាំងអស់ទេ ក៏បានខ្លះ ជាពិសេសសហគ្រាសនៅក្នុងឧស្សាហកម្ម កសិកម្ម ដែលផលិតច្រើន ព្រោះគាត់ត្រូវការប្រើច្រើនដែរ ចឹងទេអាចពិនិត្យមើលដើម្បីឱ្យពួកគាត់មានលទ្ធភាពអាចពង្រីកថែមទៀត កាលណាពង្រីកច្រើននាំចេញក៏ច្រើន ការងារក៏ច្រើនថែមទៀត បើមិនថែមម៉ោងឱ្យបុគ្គលិកដែលមានស្រាប់បានចំណូលបន្ថែម ក៏រកបុគ្គលិកថ្មីដែរ»។
សម្តេចធិបតី បានគូសបញ្ជាក់ថា ការជួយទៅលើរោងចក្រ សហគ្រាស ឱ្យសន្សំសំចៃទៅលើរឿងភ្លើងនេះ គឺអាចឱ្យរោងចក្រសន្សំសំចៃពីភ្លើង យកមកតម្លើងប្រាក់ខែឱ្យបុគ្គលិក។ ជាមួយគ្នានេះដែរ យោងតាមការលើកឡើងរបស់ ឯកឧត្តម កែវ រតនៈ មានរោងចក្រសហគ្រាសចំនួន ២១០០០ រោងចក្រដែលអាចនឹងទទួលបានការអនុគ្រោះតម្លៃអគ្គិសនី៕


អត្ថបទ៖ លីនី