សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រកាសដំឡើងប្រាក់អាហារូបករណ៍ដល់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស ដោយយកបៀវត្សសរុបគុណ ៧០ភាគរយ
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជាធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសដំឡើងប្រាក់អាហារូបករណ៍ដល់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្ស ដោយយកបៀវត្សសរុប គុណ ៧០ភាគរយ ហើយអាចទទួលបានក្នុងរង្វង់មួយលានរៀល ឬអាចលើសមួយលានរៀល អាស្រ័យទៅលើកម្រិតរបស់គ្រូម្នាក់ៗ។

សម្ដេចធិបតីបានមានប្រសាសន៍ថា៖ « «សម្រាប់លោកគ្រូ អ្នកគ្រូ ដែលប្រឡងជាប់ជាគរុសិស្សយកបៀវត្សសរុបគុណនឹង ៧០ភាគរយតែម្ដង។ ដូច្នេះគរុសិស្ស កម្រិត «ក» កាលពីឆ្នាំ២០២៣ ទទួលបាន ៦០៣,០០០រៀល នឹងទទួលបានជាង ១,១៧០,០០០រៀល នៅឆ្នាំ២០២៤។ កម្រិត «ខ» នៅឆ្នាំ២០២៣ ទទួលបាន ៥៦២,០០០រៀល នឹងទទួលបានជាង ១,១០០,០០០រៀល នៅឆ្នាំ២០២៤។ កម្រិត «គ» នៅឆ្នាំ២០២៣ ទទួលបាន ៥៣០,០០០រៀល នឹងទទួលបាន ៩៨០,០០០រៀល នៅឆ្នាំ២០២៤»។
សម្ដេចបានបន្ថែមថា៖ «ចំនួនទឹកប្រាក់ដែលបានដំឡើងនេះមិនមែនជា ប្រាក់បៀរវត្សទេ គឺជាអាហារូបករណ៍ ព្រោះយើងត្រូវចាប់ផ្ដើមវិនិយោគទៅលើគាត់ វិនិយោគពង្រឹងគឺត្រូវវិនិយោគលើមនុស្ស ហើយវិនិយោគពីគ្រូដែលត្រូវប្រឡងចូលតែម្ដង ព្រោះគាត់ត្រូវការ ពេលវេលា ហើយយើងមិនអាចឱ្យគាត់អត់បំប៉នជាគ្រូទេ។
សម្ដេចបានគូសបញ្ជាក់ទៀតថា៖ « មន្រ្តីរាជការយើងពីមុន ពេលដែលចូលមួយឆ្នាំជាកម្មសិក្សាការី យើងអត់ទាន់បានបៀវត្ស ១០០%ទេ ឥឡូវរាជរដ្ឋាភិបាលបានកែប្រែពីអាណត្តិមុននេះ គឺបាន ១០០%តែម្ដង អ៉ីចឹងពេលដែលគាត់ចូលទៅឆ្នាំដំបូង មុននឹងទៅតាំងស៊ុប គាត់បាន១០០% អត្ថប្រយោជន៍ ប.ស.ស អីហ្នឹង គឺពេញតែម្ដង »៕

