ថៃនៅតែអាចទាក់ទាញភ្ញៀវទេសចរចិនមកវិញ បន្ទាប់ពីសោកនាដកម្មនៅភូកេត
ថៃ៖ បន្ទាប់ពីប្រទេសថៃបានបាត់បង់ប្រជាប្រិយភាពពីអ្នកទេសចរចិនមួយរយៈ ដោយសារគ្រោះថ្នាក់កាលពីខែកក្កដា នៅកោះភូកេត ដែលបណ្តាលឱ្យអ្នកទេសចរចិន ៤៧នាក់ បានលង់ទឹកស្លាប់ ពេលនេះពួកគេអាចទាក់ទាញភ្ញៀវទេសចរចិនសារជាថ្មីម្តងទៀតវិញហើយ។ ដោយនៅក្នុងខែមករានេះ ថៃមានកំណើនភ្ញៀវទេសចរណ៍សរុប ៣.៧លាននាក់ ពោលគឺកើនឡើងបាន ៥ភាគរយ គិតត្រឹមរយៈពេលដូចគ្នាក្នុងឆ្នាំមុន។
ចិនដីគោកនៅតែជាប្រភពដ៏សំខាន់នៃភ្ញៀវបរទេសដែលមកទស្សនាប្រទេសថៃ ដោយមានអ្នកដំណើរជាង ១លាននាក់ គិតត្រឹមខែមករា វាកើនឡើង ៩.៣ភាគរយ ធៀបនឹងឆ្នាំមុន និងកើនបាន ២០ភាគរយ គិតចាប់ពីខែធ្នូ។ ក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា ព្រះរាជាណាចក្រថៃកំពុង «បង្កើតនូវភាពប្រក្រតីថ្មី» ដើម្បីកាត់បន្ថយអត្រានៃភ្ញៀវទេសចរណ៍ដែលមានការថយចុះ និងកើនខ្ពស់មិនទៀងទាត់។
បន្ទាប់ពីសោកនាដកម្មនៅភូកេត និងយោបល់មិនល្អពីមេដឹកនាំថៃមួយចំនួន បានបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនៃការមកដល់របស់ភ្ញៀវទេសចរចិន ជាពិសេសនៅខេត្តភូកេតតែម្តង ដោយការកក់សណ្ឋាគារបានធ្លាក់ចុះពី ២០ ទៅ ៥០ភាគរយ។ ក្រុមហ៊ុនអាកាសចរណ៍ចិនចំនួន ៦ បានលុបចោលជើងហោះហើរទៅកាន់ភូកេត ដោយសារតែកង្វះខាតតម្រូវការ។ យ៉ាងណាក៏ដោយក្រសួងក៏បានព្យាករណ៍ថា នឹងមានអ្នកទេសចរបរទេសចំនួន ៤១.១លាននាក់ នៅ ឆ្នាំ២០១៩ ដោយប្រទេសចិន បណ្តាប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត និងអឺរ៉ុបបានរួមចំណែកយ៉ាងខ្លាំងក្នុងការស្ដារមុខមាត់ឱ្យថៃនៅឆ្នាំនេះ។

អត្ថបទ៖ លីដា
ប្រភព៖ nationmultimedia