រថយន្តក្រុងពីរជាន់ បុកពីក្រោយរថយន្តដឹកទំនិញមួយទំហឹង ស្លាប់ ២នាក់ របួសធ្ងន់ ១៥នាក់
រថយន្តក្រុងពីរជាន់មួយបានបុកជាមួយរថយន្តដឹកទំនិញមួយទំហឹងនៅលើផ្លូវហាយវេមួយនៃទីក្រុងហុងកុងក្នុងថ្ងៃចន្ទនេះ ដោយបានសម្លាប់អ្នកបើកបរទាំងសងខាង។ អ្នកដំណើររថយន្តក្រុងចំនួន ១៥នាក់ ដែលមានស្ត្រី ១០នាក់ និងបុរស ៥នាក់ ត្រូវបានគេឱ្យដឹងថា រងរបួសធ្ងន់។ តាមរបាយការណ៍បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវហាយវ៉េ West Kowloon នៅតំបន់ Yau Ma Tei ជិតផ្សារទំនើប Elements នៅម៉ោង ១០ និង ៣០នាទី ព្រឹក។
យោងតាមកាសែត South China Morning Post (SCMP) ក៏បានឱ្យដឹងដែរថា អ្នកបើកបររថយន្តក្រុងត្រូវបានប្លោងចេញពីរថយន្តក្រុងពីរជាន់ ទៅជាប់នៅនឹងក្រោមរថយន្តដឹកទំនិញ ហើយគាត់ត្រូវបានគេប្រកាសថា បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ។ ចំណែកឯអ្នកបើករថយន្តដឹកទំនិញត្រូវបានស្លាប់បន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យ Queen Elizabeth ហើយផ្លូវហាយវេនោះត្រូវបានបិទបណ្ដោះអាសន្ន។ ខាងក្រោមនេះគឺជាវីដេអូក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់រវាងរថយន្តទាំង ២ ៖
អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia