ហួសចិត្ត! ហេតុតែគិតថាត្របកភ្នែក ២ជាន់ ស្អាត ក៏យកឆ្មាទៅឱ្យពេទ្យសត្វកែត្របកភ្នែកចេញ
ស្ត្រីជាម្ចាស់សត្វចិញ្ចឹមមកពីភាគខាងកើតនៃប្រទេសចិនម្នាក់ ត្រូវបានគេរិះគន់យ៉ាងចាស់ដៃ បន្ទាប់ពីគាត់បានយកឆ្មាចិញ្ចឹមទៅវះកាត់កែត្របកភ្នែក ដោយហេតុតែគាត់មិនចូលចិត្តរូបរាងត្របកភ្នែករបស់វា និងគិតថា «វាមិនស្អាត»។ ស្ត្រីម្នាក់នោះត្រូវបានគេឱ្យដឹងថា រស់នៅក្នុងទីក្រុងណានជីង ខេត្តជាំងស៊ូ ប្រទេសចិន ហើយគាត់បានយកឆ្មាចញ្ចឹមពូជ moggy ទៅធ្វើការវះកាត់ត្របកភ្នែក ២ជាន់ ដែលមានតម្លៃ ១០,០០០ យ័ន (ប្រហែល ១,៥០០ ដុល្លារអាមេរិក) ។
ជាការពិតមនុស្សជាច្រើននៅប្រទេសចិនដែលភាគច្រើនមានត្របកភ្នែកតែ ១ជាន់ ជឿថា ការមានត្របកភ្នែក ២ជាន់ នឹងធ្វើឱ្យភ្នែករបស់ពួកគេកាន់តែធំ និងកាន់តែទាក់ទាញ។ ហើយបើយោងតាមទូរទស្សន៍ Jiangsu Television កាលពី ថ្ងៃពុធ បានឱ្យដឹងថា ម្ចាស់សត្វចិញ្ចឹមមួយចំនួននឹងយកសត្វចិញ្ចឹមរបស់ពួកគេទៅឱ្យបសុពេទ្យ ដើម្បីវះកាត់កែត្របកភ្នែករបស់ពួកវា ប៉ុន្តែយ៉ាងណាក៏ដោយការធ្វើបែបនេះគឺ ពិតជាមិនសមរម្យចំពោះសត្វដែលវាមិនអាចតមាត់វិញបាននោះឡើយ។ ចំណែកឯម្ចាស់វាក៏ត្រូវបានគេចោទប្រកាន់ពីបទ «ធ្វើទុក្ខទោសដល់សត្វ» ផងដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ dailymail