សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មិនមានការត្រៀមយន្តហោះពិសេសទៅជម្លៀសនិស្សិត និងពលរដ្ឋកម្ពុជា រត់ចោលប្រជាជនអ៉ីស្រាអែលឡើយ
នៅក្នុងឱកាសអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ នារសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានមានប្រសាសន៍ថា មិនមានការត្រៀមយន្តហោះពិសេស ដើម្បីទៅដឹកជម្លៀសនិស្សិត និងពលរដ្ឋ ដែលកំពុងសិក្សានៅប្រទេស អ៉ីស្រាអែលឡើយ បើអ៊ីស្រាអែល មិនតម្រូវឱ្យយើងចាកចេញពីប្រទេសគេនោះទេ យើងនៅតែបន្តរស់នៅជាមួយប្រជាជនអ៊ីស្រាអែល យើងមិនរត់ចោលប្រជាជនអ៊ីស្រាអែលនោះទេ។

សម្ដេចតេជោ បានមានប្រសាសន៍ថា៖ « ប្រទេសមួយចំនួនត្រៀមយន្តហោះទៅដឹក និស្សិត និងពលកររបស់គេ ពីអ៉ីស្រាអែល។ អំបាញ់មិញនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់ខ្ញុំថា យើងមិនមានលទ្ធភាពធ្វើបែបនេះទេ ព្រោះប្រជាជនអ៉ីស្រាអែលគេរស់នៅរបៀបណា យើងរស់នៅរបៀបហ្នឹង ប្រសិនបើប្រជាជន និងរដ្ឋាភិបាលអ៉ីស្រាអែល មិនត្រូវឱ្យយើងចាកចេញទេ យើងកុំចាកចេញរត់ចោលប្រជាជនអ៉ីស្រាអែល។ ប្រសិនបើរត់ចោលអ៉ីស្រាអែល ក្នុងពេលដែលប្រជាជនអ៉ីស្រាអែល កំពុងជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀន ឬសុំទៅធ្វើការនៅអ៉ីស្រាអែលតទៅទៀត។
សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់បន្ថែមផងដែរថា ៖ «ក្នុងករណីដែលរដ្ឋាភិបាលអ៉ីស្រាអែលថា ចាំបាច់ត្រូវតែជម្លៀសពលរដ្ឋ និស្សិត កម្ពុជាចេញ យើងកុំខ្លាចជាមួយនឹងការចំណាយប្រាក់ជួលយន្តហោះពិសេស ទៅដឹកនិស្សិតរបស់យើងជាង ៤០០នាក់ចាកចេញបីអ៉ីស្រាអែល » ៕

អត្ថបទ៖ លីនី