វៀតណាមឡើងបាន ៥លេខ ក្នុងចំណាត់ថ្នាក់នៃបណ្តាប្រទេសដែលមានបេតិកភ័ណ្ឌសម្បូរបែប អត្រាកំណើនខ្ពស់ និងភាពបើកចំហអាជីវកម្ម
យោងតាមរបាយការណ៍ថ្មីមួយរបស់សារពត៌មាន News & World Report របស់អាមេរិកបានឱ្យដឹងថា ប្រទេសវៀតណាមទទួលបានចំណាត់ថ្នាក់ ៣៩ ក្នុងចំណោមប្រទេសទាំង ៨០ ដែលមានបេតិកភ័ណ្ឌសម្បូរបែប អត្រាកំណើនខ្ពស់ និងភាពបើកចំហអាជីវកម្ម។ ចំណាត់ថ្នាក់ឆ្នាំមុនរបស់វៀតណាមគឺ ៤៤ ពោលគឺឡើងបាន ៥ ចំណាត់ថ្នាក់។
សារពត៌មាន News & World Report គឺជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់អាមេរិច ដែលផ្សាយព័ត៌មាន ការវិភាគ ដំបូន្មានអ្នកប្រើប្រាស់ និងចំណាត់ថ្នាក់ផ្សេងៗ។ ជាពិសេសវាមានមនុស្សជាង ២០,០០០នាក់ មកពីទូទាំងពិភពលោកចូលរួមក្នុងការសិក្សានេះ។ ចំណាត់ថ្នាក់ទាំងមូលក៏នឹងត្រូវពឹងផ្អែកលើផ្នែកនីមួយៗចំនួន ៩ ដូចជា៖ ដំណើរផ្សងព្រេង សិទ្ធិពលរដ្ឋ (សិទ្ធិមនុស្ស) ឥទ្ធិពលវប្បធម៌ ភាពជាសហគ្រិន បេតិកភណ្ឌ ការផ្លាស់ប្តូរ (អត្រាកំណើនសេដ្ឋកិច្ច) ភាពបើកទូលាយសម្រាប់អាជីវកម្ម អំណាច និងគុណភាពនៃជីវិត។
ប្រទេសវៀតណាមទទួលបានពិន្ទុខ្ពស់លើផ្នែកដូចជា៖ បេតិកភណ្ឌ ការផ្លាស់ប្តូរ និងការបើកទូលាយសម្រាប់ពាណិជ្ជកម្ម ជាមួយនឹងពិន្ទុ ១៩, ១៦ និង ២៥ ។ វៀតណាមក៏ទទួលបានពិន្ទុខ្ពស់បំផុតក្នុងការមានម្ហូបអាហារដ៏សម្បូរបែប ប្រវត្តិសាស្ត្រដ៏សំបូរបែប និងមានលក្ខណៈប្លែក និងអត្រាកំណើនសេដ្ឋកិច្ចល្អផងដែរ។ នៅក្នុងការបើកទូលាយសម្រាប់មុខជំនួញ វៀតណាមទទួលបានពិន្ទុល្អឥតខ្ចោះ ដោយសារការចំណាយផលិតកម្មរបស់ពួកគេគឺមានតម្លៃថោក៕

អត្ថបទ៖ លីដា
ប្រភព៖ vietnaminsider