លោកស្រី ហ៊ីលឡារី គ្លីនតុន នឹងមិនឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីអាមេរិកអាណត្តិថ្មី ឆ្នាំ២០២០ នោះទេ!
លោកស្រី ហ៊ីលឡារី គ្លីនតុន (Hillary Clinton) បានលះបង់នាមជាបេក្ខភាពប្រធានាធិបតី ឆ្នាំ២០២០ ។ លោកស្រី គ្លីនតុន បាននិយាយកាលពីថ្ងៃចន្ទ នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាន News 12 ដែលជាប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុកមួយនៅញូវយ៉កថា៖ «ខ្ញុំមិនឈរឈ្មោះទៀតទេ ប៉ុន្តែខ្ញុំនឹងបន្តធ្វើការ និងនិយាយ ហើយឈរលើអ្វីដែលខ្ញុំជឿជាក់»។
គួររំឭកផងដែរថា លោកស្រី គ្លីនតុន គឺជាបេក្ខភាពប្រធានាធិបតីនាំមុខ កាលពី ឆ្នាំ២០១៦ ប៉ុន្តែគួរឱ្យស្ដាយគាត់បានចាញ់លោក ដូណាល់ ត្រាំ។ លោកស្រី គ្លីនតុន មានប្រសាសន៍បន្តថា៖ «ខ្ញុំចង់ឱ្យប្រាកដថា ប្រជាជនយល់ថាខ្ញុំនឹងបន្តនិយាយចេញនូវអ្វីដែលជាជំហររបស់ខ្ញុំ» «ខ្ញុំនឹងមិនទៅណាទេ អ្វីដែលជាហានិភ័យនៅក្នុងប្រទេសរបស់យើង រឿងរ៉ាវដែលកំពុងកើតឡើងនៅពេលនេះ ពិតជាធ្វើឱ្យខ្ញុំមានការព្រួយបារម្ភយ៉ាងខ្លាំង»។
យ៉ាងណាក៏ដោយ CNN បានរាយការណ៍ថា គណបក្សប្រជាធិបតេ្យចង់រួមបញ្ចូលអតីតអនុប្រធានាធិបតី លោក Joe Biden ដើម្បីឱ្យឈរឈ្មោះ ប៉ុន្តែមិនទាន់ដឹងថា លោក Joe នឹងមានការឆ្លើយតបបែបណានោះទេ៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia