មករំឭកឡើងវិញអំពី ប្រវត្តិសាស្ត្រ កូដកម្ម និងការប្រារព្ធ នៃទិវានារីអន្តរជាតិ ដែលមនុស្សមួយចំនួនមិនទាន់បានដឹង
អ្នកប្រហែលជាធ្លាប់បានដឹងឮអំពីទិវានារីអន្តរជាតិ ដែលបានលើកឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ ឬបានឮពីមិត្តភក្តិរបស់អ្នកដែលនិយាយអំពីវា។ ប៉ុន្តែអ្នកធ្លាប់ដឹងទេថា គេប្រារព្ធវាឡើងដើម្បីអ្វី? តើកើតឡើងនៅពេលណា? តើនេះជាទិវា ឬជាការតវ៉ា? តើវាដូចគ្នានឹងទិវាបុរសអន្តរជាតិដែរ ឬទេ? អស់រយៈពេលជាង ១សតវត្សរ៍ មកហើយ ដែលមនុស្សនៅជុំវិញពិភពលោកបានប្រារព្ធខួបថ្ងៃ ទី៨ ខែមីនា ជាថ្ងៃពិសេសសម្រាប់ស្ត្រី ប៉ុន្តែយ៉ាងណាមិញអត្ថបទនេះនឹងណែនាំលោកអ្នកឱ្យជ្រាបច្បាស់បន្ថែមអំពី ប្រវត្តិសាស្ត្រ កូដកម្ម និងការប្រារព្ធរបស់ទិវានេះ៖
១. វាចាប់ផ្តើមនៅពេលណា?
ទិវានារីអន្តរជាតិបានកើនឡើងចេញពីចលនាស្ត្រីដែលត្រូវបានគេគាបសង្គត់ក្នុងវិស័យការងារ ដើម្បីក្លាយជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលទទួលស្គាល់ដោយអង្គការសហប្រជាជាតិ។ វាចាប់ផ្តើមក្នុង ឆ្នាំ១៩០៨ នៅពេលដែលស្ត្រីចំនួន ១៥,០០០នាក់ បានដើរដង្ហែកាត់ទីក្រុងញូវយ៉ក ដើម្បីទាមទារកាត់បន្ថយម៉ោងធ្វើការ ទទួលបានប្រាក់ខែល្អ និងសិទ្ធិបោះឆ្នោត។

អ្នកស្រី Clara Zetkin ត្រូវបានគេឱ្យដឹងថា គឺជាអ្នកបំផុសគំនិតនេះដំបូង ហើយគាត់បានស្នើសុំគំនិតនេះនៅ ឆ្នាំ១៩១០ ក្នុងសន្និសិទអន្តរជាតិស្តីពីកិច្ចការស្រ្តីនៅទីក្រុង Copenhagen របស់ប្រទេសដាណឺម៉ាក។ សន្និសិទអន្តរជាតិនោះ មានស្ត្រីចូលរួមចំនួន ១០០នាក់ មកពី ១៧ប្រទេស ហើយពួកគេក៏បានព្រមព្រៀងគ្នាលើការផ្តល់យោបល់របស់ អ្នកស្រី Clara Zetkin ជាឯកច្ឆន្ទ។
វាត្រូវបានប្រារព្ធធ្វើឡើងជាលើកដំបូងក្នុង ឆ្នាំ១៩១១ នៅក្នុងប្រទេសអូទ្រីស ដាណឺម៉ាក អាឡឺម៉ង់ និងស្វីស ហើយឆ្នាំនេះគឺជា ខួបទី ១០៨ នៃទិវាមួយនេះ។ ទិវានារីអន្តរជាតិបានក្លាយទៅជាកាលបរិច្ឆេទដើម្បីអបអរសាទរដល់ស្ត្រី ដែលចូលរួមក្នុងសង្គម នយោបាយ និងសេដ្ឋកិច្ច ខណៈដែលឫសគល់នៃនយោបាយរបស់វា គឺជាថ្ងៃកូដកម្ម និងការតវ៉ា ដែលត្រូវបានរៀបចំឡើងដើម្បីលើកកម្ពស់ការយល់ដឹងអំពីវិសមភាពដែលមានលើស្ត្រី។
២. ការប្រារព្ធនៃទិវានារីអន្តរជាតិ ៨ មីនា
គំនិតរបស់អ្នកស្រី Clara សម្រាប់ទិវានារីអន្តរជាតិ ការពិតមិនមានកាលបរិច្ឆេទច្បាស់លាស់នោះទេ។ រហូតដល់មានការធ្វើកូដកម្មនៅ ឆ្នាំ១៩១៧ ពេលដែលក្រុមជនជាតិរុស្ស៊ីភាគច្រើនជាស្ត្រីបានទាមទារ «bread and peace»។ វាជាពាក្យស្លោករបស់រុស្ស៊ី ដែល bread មានន័យថា «ការបញ្ចប់នូវភាពរីករាលដាលនៃកង្វះខាតស្បៀងអាហារ» ចំណែក peace មានន័យថា «សន្ដិភាព»។

រយៈពេល ៤ថ្ងៃ នៃកូដកម្មនោះ អធិរាជ Czar Nicholas II ក៏បានបង្ខំចិត្តដាក់រាជ្យ ហើយរដ្ឋាភិបាលក៏បានផ្តល់សិទ្ធិឱ្យស្ត្រីអាចបោះឆ្នោតបាន។ ក្រោយមក ថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ នៃប្រតិទិនជូលៀន ដែលត្រូវជាថ្ងៃ ទី៨ ខែមីនា នៃប្រតិទិនហ្គ្រេហ្គោរៀនបច្ចុប្បន្ន បានក្លាយជាថ្ងៃនៃទិវានារីអន្តរជាតិរហូតដល់សព្វថ្ងៃ។

សម្រាប់ប្រទេសរុស្ស៊ីផ្ទាល់បច្ចុប្បន្ននេះ នៅក្នុងកំឡុងពេល ៣ ឬ ៤ថ្ងៃ មុនថ្ងៃ ៨មីនា ការលក់ផ្កានឹងមានតម្លៃថ្លៃជាងថ្ងៃធម្មតា ២ដង។ សម្រាប់ប្រទេសចិនវិញ បុគ្គលិកស្រីនឹងត្រូវបានសម្រាកពីការងារកន្លះថ្ងៃ ហើយចំពោះប្រទេសអ៊ីតាលី ស្រ្តីនឹងត្រូវបានគេជូនផ្កា mimosa ដែលវាជាប្រពៃណីតាំងពីសង្គ្រាមលោកលើក ទី២ ។ បើយោងតាម BBC ក៏បានឱ្យដឹងដែរថា យុទ្ធនាការទិវានារីអន្តរជាតិឆ្នាំនេះ នឹងជ្រើសរើសយកប្រធានបទ #BalanceforBetter ដែលលើកទឹកចិត្តដល់មនុស្សនៅជុំវិញពិភពលោក ឱ្យចាត់វិធានការដើម្បីបង្កើនតុល្យភាពយេនឌ័រ៕

អត្ថបទ៖ លីដា
ប្រភព៖ BBC