ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់អ្នកលក់ ថ្នាំសង្កូវ ផលិតផលអាហារបំប៉នផ្សេងៗ ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យឱ្យបានច្បាស់លាស់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់

    BY Liny Chan October 24, 2023
    សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់អ្នកលក់ ថ្នាំសង្កូវ ផលិតផលអាហារបំប៉នផ្សេងៗ ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យឱ្យបានច្បាស់លាស់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់

    នៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព»។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តអំពាវនាវដល់អ្នកលក់ផលិតផលផ្សេងៗ ថ្នាំសង្កូវ ចំណីអាហារ ជាពិសេសផលិតផលពីក្រៅប្រទេស ត្រូវសហការជាមួយក្រសួងសុខាភិបាល ដើម្បីពិនិត្យលើផលិតផលទាំងនោះឱ្យបានច្បាស់លាស់ និងធានាដល់សុខសុវត្ថិភាពរបស់ប្រជាជនដែលជាអ្នកប្រើប្រាស់។

    សម្ដេចបានមានប្រសាសន៍ថា៖ «រឿងសុវត្ថិភាពចំណីអាហារ និងរឿងថ្នាំសង្កូវ គឺជារឿងសំខាន់ណាស់អត់មានពីណាម្នាក់ជាអ្នកផ្គត់ផ្គង់ទាំងអស់ទេ អ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ដែរ អ៉ីចឹងគ្រប់គ្នាទាំងអស់គឺជាអ្នកប្រើប្រាស់ ជាអ្នកហូបអាហារ ជាអ្នកហូបថ្នាំ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយ ថាបើអ្វីដែលខ្ញុំទិញពីផ្សារមក តើហូបដោយសុវត្ថិភាពទេ? អ្វីដែលខ្ញុំយកពីហ្វាម៉ាស៊ី ពីពេទ្យដែលឱ្យមក ពីមណ្ឌលសុខភាព តើដាក់ទៅ ហូបទៅ វាជួយខ្ញុំមួយហើយវាបង្កើតអីផ្សេងទៀតឬអត់? អីចឹងការរួមគ្នានេះ ខ្ញុំគិតថា ទាំងអ្នកលក់ ទាំងអ្នកទិញ ទាំងរដ្ឋាភិបាល សុទ្ធតែមានឆន្ទៈគោលដៅតែមួយទេ។ ពិតណាស់យើងនៅមានចន្លោះប្រហោងនឹងការងារដែលត្រូវធ្វើ ពង្រឹងឡើងវិញកន្លងទៅថ្មីៗនេះក៏មានការអនុវត្ត វិធានការមួយចំនួនរបស់ក្រសួងសុខាភិបាលទៅលើអ្នកពាក់ព័ន្ធមួយចំនួន ដែលលក់ផលិតផលប៉ះពាល់ទៅដល់សុខភាពរបស់ប្រជាពលរដ្ឋក្រោយពីមានការណែនាំហើយ។ ពិតណាស់ការអនុវត្តនូវវិធានការតឹងរ៉ឹងដើម្បីប្រជាពលរដ្ឋ និងសុខភាពទាំងអស់គ្នា​ ជាការចាំបាច់ ប៉ុន្តែត្រូវមានភាពបត់បែន ត្រូវមានការសហការគ្នា ខ្ញុំមិនចង់ឱ្យឃើញថា រដ្ឋដើរតួនាទី កាន់ដំបងទេ រដ្ឋ​ជាអ្នកគាំទ្រ ជាអ្នកលើកទឹកចិត្តឱ្យវិស័យឯកជន ដើម្បីបងប្អូន អាជីវករ និងអ្នកដែលប្រកបរបរលក់ អាហារ លក់ចំណី លក់ថ្នាំ អាចប្រកបរបរដោយជោគជ័យ ដោយប្រសិទ្ធភាព ផ្ដល់នូវអាហារ ផ្ដល់នូវថ្នាំ ដល់ប្រជាពលរដ្ឋ ហើយអ្នកទិញទៅប្រើ គឺមិនមានបញ្ហា។ អ៉ីចឹងរដ្ឋត្រូវធ្វើយ៉ាងណា ដើម្បីឈានទៅរកភាពជាដៃគូ និងបង្កើនការទទួលខុសត្រូវរបស់វិស័យឯកជន ឱ្យគាត់ចូលរួមនៅក្នុងការអនុវត្ត តាមគណៈផ្សេងៗ តាមសមាគមផ្សេងៗ។ បើសិនជាវិស័យឯកជន តាមសមាគម តាមគណៈជំនាញផ្សេងៗសុខាភិបាល អាចបម្រើតួនាទីដើម្បីអប់រំណែនាំ ដើម្បីយើងពង្រឹងនៅក្នុងវិស័យនេះ ហើយមានការចូលរួមពីបងប្អូនដែលលក់ដូរ យើងនឹងឈានដល់ការដែលគេហៅថា ឈ្នះឈ្នះ ទាំងអស់គ្នា​ ហើយខ្ញុំសូមអំពាវនាវ ដល់បងប្អូនទាំងអស់ រាជរដ្ឋាភិបាលមិនចាត់ទុកបងប្អូនជាសត្រូវនោះទេ ផ្ទុយទៅវិញរាជរដ្ឋា​ភិបាល ចាត់ទុកបងប្អូន អាជីវករ អ្នកលក់ទាំងអស់ ទាំងអនឡាញ ទាំងផ្ទាល់ ទាំងចំណី អាហារ ទាំងថ្នាំ គឺជាដៃគូ ដែលមិនខ្វះបាន ហើយក៏ជាគោលដៅដែលរដ្ឋត្រូវជួយដូចគ្នា តែយើងត្រូវរួមគ្នាដើម្បីធ្វើដើម្បីផលប្រយោជន៍រួមទាំងអស់គ្នា។ ដូចខ្ញុំនិយាយចឹង អត់មានពីណាលក់គ្រប់មុខហូបគ្រប់មុខទេ សូម្បីតែអ្នកខ្លះគាត់ដាំបន្លែក៏ដោយ គាត់ចិញ្ចឹមសត្វនៅក្នុងដីគាត់ក៏ដោយ ប៉ុន្តែនៅតែត្រូវការទៅហូបនៅកន្លែងផ្សេង ពេលឈឺក៏ត្រូវតែរកថ្នាំ អ៉ឺចឹងខ្ញុំគិតថា នេះជាការផ្គុំគ្នា»។

    សម្ដេចបានមានប្រសាសន៍បន្ថែមថា៖ «បងប្អូនភាគច្រើនដែលលក់ផលិតផល តាមអនឡាញ តាមអីហ្នឹង គាត់នៅក្រៅប្រពន្ធ ដែលថ្ងៃមុនខ្ញុំប្រកាសគោលនយោបាយដើម្បីជួយអ្នកក្រៅប្រពន្ធ ក្នុងនោះក៏មាន អ្នកលក់អាហារបំប៉នដូចគ្នាដែរ គាត់ក៏ត្រូវការអ្នកជួយតម្រង់ទិសដែរ។ យើងចង់បានការចូលរួមដើម្បីបង្កើនលទ្ធភាពស្រាវជ្រាវរកផលិតផលសម្បូរបែបឱ្យបងប្អូន ប្រជាពលរដ្ឋរបស់យើង ព្រោះថាបើឱ្យរដ្ឋចេញៗបានតែប៉ុន្មានមុខ តែឯកជនគាត់អាចស្រាវជ្រាវឡើង តែត្រូវមានលក្ខខណ្ឌមួយថា បានសម្បូរបែប តែត្រូវមានគុណភាព តម្លៃសមរម្យ»។

    ទន្ទឹមនឹងនោះដែរ​សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវសារថ្មី និងអរគុណដល់បងប្អូនអ្នកលក់ដូរចំពោះការចូលរួមនៅក្នុងការគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ដោយការខំរកផលិតផលផ្សេងៗ ស្រាវជ្រាវ ពីក្រៅប្រទេសដើម្បីយកមក ទាំងអាហារបំប៉ន និងផលិតផលផ្សេងៗ ប៉ុន្តែក៏សូមចូលរួមជាមួយនឹងក្រសួង មន្ទីរ ដើម្បីធ្វើយ៉ាងណាឱ្យធនាបាននូវសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់៕

    អត្ថបទ៖ លីនី

    Share This Post:
    MPO4D jitutoto mpo4d Mpoplay